ព្រៃឈើ ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង កំពុងរងនូវការគំរាមកំហែង ពីសំណាក់ឈ្មួញមកពីខេត្តក្រចេះ

ខេត្តស្ទឹងត្រែង៖ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំកាំងចាម ស្រុកសៀមបូក ខេត្តស្ទឹងត្រែង អះអាងថា គេឃើញមានឈ្មួញឈើមួយក្រុមមកពីទឹកដីនៃខេត្តក្រចេះ បានកំពុងដាក់លុយ ឲ្យបុគ្កលមន្ត្រីខិលខូចមួយក្ដាប់តូច ឈរជើងនៅក្នុងឃុំកាំងចាម ហើយពួកគេបំផុសឲ្យប្រជាពលរដ្ឋចូលព្រៃ កាប់ឈើដឹកយកមកលក់អោយក្រុមរបស់ខ្លួន ក្នុងតម្លៃទាប ហើយពួកគេបានដឹកឈើទាំងនោះតាមទូកព្យាង្គនាំចុះទៅកាន់ទឹកដីនៃខេត្តក្រចេះតែម្ដង។

សេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា ក្រុមឈ្មួញទាំងនោះ បានដឹកឈើប្រមាណជា៧ម៉ែត្រគូបត្រីគុណ ខណ:ដែលពួកគេដឹកចេញពីព្រៃឡង់ នាំយកមកចាក់គរ នៅចំណុចមាត់អូររនាម ខាងមុខផ្ទះអ្នកគ្រូហុន ស្ថិតក្នុងភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងបន្ដដឹកតាមទូកព្យាង្គនាំចុះទៅកាន់ទឹកដីនៃខេត្តក្រចេះដោយរលូន មិនមានការរំខាន ឬចាត់វិធានការបង្ក្រាបពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធនោះឡើយ។
គេអះអាងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើ ចេញពីព្រៃឡង់ កំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃ ហើយបើតាមប្រភពសហគមន៍ការពារព្រៃឡង់បៃតង បានថ្លែងឲ្យដឹង ក្រុមឈ្មួញបានដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ ឆ្លងកាត់ខាងមុខស្នាក់ការបរិស្ថាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលកាំងចាម ហើយមន្ត្រីដែលមានតួនាទី បង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងមូលដ្ឋាន អាចនឹងទទួលបានលាភសក្ការៈ ពីក្រុមដឹកឈើទាំងនោះ ទើបមិនមានការបង្ក្រាបទាល់តែសោះ ។
ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះ ជាសារមួយដែលពលរដ្ឋអំពាវនាវស្នើសុំ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មេត្តាចាត់វិធានការបង្ក្រាបឲ្យបានតឹងរឹង និងប្រកបដោយប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។