ការធ្វើទំនើកម្មលើប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ នឹងចាប់ផ្តើមនាពេលដ៏ខ្លី

បាត់ដំបង៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM និងក្រុមការងារ របស់ក្រសួងជាច្រើនរូប និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានធ្វើការចុះរៀបចំការដ្ឋានធ្វើទំនើកម្មលើ អនុគម្រោងប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តមអនុរដ្ឋលេខាធិការ កំពុងតែជម្រុញដោយសកម្មយ៉ាងមម៉ាញឹកលើការអនុវត្តនីតិវិធី និងអនុវត្តក្រឹត្យច្បាប់ជាធរមានក្នុងការរៀបចំសណ្តាប់ធ្នាប់ និងលុបបំបាត់បទល្មើសរំលោភយកដីចំណីប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ដើម្បីរៀបចំពិធីបើកការដ្ឋានខាងលើនេះនាពេលខាងមុខ ជូនឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ Sunniya Durrani Jamal នាយកស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសហការយ៉ាងជិតស្និត នឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF និងADB នឹងអនុវត្តការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ដូចតទៅ៖
១- ប្រព័ន្ធប្រឡាយអូរដូនពៅទាំងអស់
២- ប្រព័ន្ធប្រឡាយមេចំនួន ៣ ខ្សែ
៣- ប្រព័ន្ធប្រឡាយរងទី២ ចំនួន ៨ ខ្សែ
៤- ប្រព័ន្ធប្រឡាយដោះទឹក ចំនួន ១ ខ្សែ
៥- ពង្រីក និងពង្រឹងតួទំនប់អាងកំពីងពួយដោយរៀបថ្មការពារ និងចាក់បេតុងការពាររលក ដើម្បីស្តុកទឹកឲ្យបានច្រើនជាអតិបរិមា និងធ្វើការការពារក្រុងបាត់ដំបង និងផ្លូវជាតិលេខ ៥ ក្នុងពេលដែលធាទឹកឡើងចាប់ពី ៣០០ ដល់ ៥០០ មែត្រត្រីគុណ ក្នុង១វិនាទី
៦-ធ្វើការសាងសង់នូវសំណង់សិល្បកាគ្រប់ប្រភេទទាំងអស់ជាច្រើនរយកន្លែងបន្ថែមទៀត។
ដៃម្ខាងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានសហការយ៉ាងរលូននឹងក្រសួង MEF និង EIB (Europen Investment Bank) ធ្វើការជួសជុលស្តារឡើងវិញក្នុងនិយាមធ្វើទំនើបកម្មលើប្រព័ន្ធព្រែកអូរតាគីក្នុងប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយខាងលើឆ្លងទៅផ្លូវជាតិលេខ៥ ចូលដល់តំបន់៣ ក្នុងខេត្តបាត់ដំបង។
ការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយគឺក្នុងបំណងអនុវត្តឲ្យខាងតែបានលើទស្សន:វិស័យ ចក្ខុវិស័យ និងបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ របស់ក្រសួងក្នុងវិស័យទឹក ក្នុងរយ:ពេលយូរអង្វែងឲ្យប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយនេះមានចារឹកលក្ខណ:ទប់ទល់ដ៏រឹងមាំនឹងបម្រែបម្រួលអាកាសធាតុ ទប់ទល់បានរឹងមាំនឹងបាតុភូតធម្មជាតិនានា ធានាបានលើសុវត្ថិភាពទឹកសម្រាប់បម្រីឲ្យគ្រប់វិស័យទាំងអស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។