គ្រឿងក្នុងជ្រូកខូចគុណភាពជាង ១៣០គីឡូក្រាម ត្រូវបង្ក្រាបបាន នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាប បានចុះបង្ក្រាប និងឃាត់រថយន្ត១គ្រឿង ដែលបានដឹកគ្រឿងក្នុងសត្វជ្រូក គ្មានលិខិតអនុញ្ញាត កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចរង្វង់មូលក្បាលស្ពានថ្ម ក្បែរព្រះរាជដំណាក់ ក្នុងខេត្តសៀមរាប។

សមត្ថកិច្ច បានឲ្យដឹងថា ក្នុងប្រតិបត្តការខាងលើ ជំនាញ បានឃាត់រថយន្ត១គ្រឿង ម៉ាកSienna ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AA-5077 និងបានឆែកឆេរឃើញគ្រឿងក្នុងជ្រូកខូចគុណភាពចំនួន ៤កេសស្នោ ស្មើនឹង ១៣៦គីឡូក្រាម ដែលមានត្រចៀកជ្រូក ពោះជ្រូក និងអណ្តាតជ្រូក។
ករណីនេះ សមត្ថកិច្ចជំនាញ បានធ្វើការដុតកម្ទេចចោលគ្រឿងក្នុងជ្រូកដែលខូចគុណភាពទាំងនោះ។ រីឯម្ចាស់រថយន្ត ត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។