១​ថ្ងៃ​ប៉ុណ្ណោះ​! កម្ពុជា រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ថ្មី ១៥​នាក់​ទៀត និង​មាន​អ្នកជា​សះស្បើយ​ម្នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ ប្រកាសថា បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ថ្មី ១៥​នាក់​ទៀត គឺជា​ករណី​នាំចូល និង​មាន​ម្នាក់ បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ផងដែរ​។​

​ក្រសួង បានឱ្យដឹងថា ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ១៥​នាក់​នេះ មាន​១៣​នាក់ ជា​ជន​ជាតិចិន ធ្វើដំណើរ​មកពី​ប្រទេស​ហ្វីលីពីន និង​២​នាក់ ជា​ជនជាតិខ្មែរ ធ្វើដំណើរ​មកពី​អាមេរិក​។ បុរស និង​ស្ត្រីជន​ជាតិចិន​ទាំង ១៣​នាក់ ដែល​រកឃើញ​ជំងឺ​កូ​វីដ​១៩​នេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។
​ក្រសួង បាន​ឲ្យ​ដឹង​ទៀតថា អ្នកជំងឺ​កូ​វីដ​១៩ ទាំង​១៣​នាក់​នេះ ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ហ្វីលីពីន តាម​ជើង​ហោះ ហើរ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០​។ ក្នុង​ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​ជា​ជនជាតិ​ចិន​សរុប ១១៩​នាក់ (​ស្ត្រី ២៣​នាក់ និង​បុរស ៩៦​នាក់​)​។ អ្នកដំណើរ​ដទៃ​ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​

​រីឯ​ជនជាតិខ្មែរ​២​នាក់ ដែល​រកឃើញ​មាន​ជំងឺ​កូ​វីដ​១៩​នោះ គឺជា​កុមារី ជនជាតិខ្មែរ អាយុ ១៣​ឆ្នាំ និង​ស្ត្រី​ជនជាតិ​ជន​ខ្មែរ អាយុ​៤៨​ឆ្នាំ​។ កុមារី និង​ស្ត្រី​ទាំងពីរ​នាក់​នេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ​។ ពួកគេ​ទាំងពីរ​នាក់ ជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាម៉េរិក ដោយ​ឆ្លងកាត់​ប្រទេស​ចិន (​តៃវ៉ាន់​) តាម​ជើង​ហោះ ហើរ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២០​។​

​ក្នុង​ជើងហោះហើរ​នេះ មាន​អ្នកដំណើរ​សរុប ៧៥​នាក់ (​ស្រី ២៦​នាក់ បុរស ៤៣​នាក់ និង​កុមារ ០៦​នាក់​)​។ អ្នកដំណើរ​ដែលមាន​ល​ទ្ធ​ផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ត្រូវបាន​ដាក់​ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​សណ្ឋាគារ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ទ័ពអាកាស​ពោធិ៍ចិនតុង​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​នេះ កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប ២៦៦​នាក់ (​ស្ត្រី ៥២​នាក់ និង​បុរស ២១៤​នាក់ ក្នុងនោះ​មាន​អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន ២២០​នាក់ មាន​ស្ត្រី ៤៦​នាក់ និង​បុរស​១៧៤​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន ៤៦​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close