កម្ពុជា រងឥទ្ធិពលព្យុះចំនួន២ នឹងធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ពីខ្សោយទៅច្រើន!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២-១៨ ខែសីហា ឆ្នាំ២០២០។

ក្រសួង បញ្ជាក់ថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជា បាននឹងកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹង ខ្យល់មូសុងនិរតីខ្សោយ។
ព្យុះចំនួន០២ បាននឹងកំពុងកើតមាន ក្នុងនោះព្យុះទី៥ ឈ្មោះ យ៉ាងមី (JANGMI) បច្ចុប្បន្នស្ថិតក្បែរឧបទ្វីបកូរ៉េ នឹងបន្តដំណើរទៅភាគខាងជើង។ ឯនៅក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី៦ ឈ្មោះ មេខាឡា (MEKKHALA) បាននឹងកំពុងធ្វើដំណើរទៅកាន់ខេត្តណាន់ជីន ប្រទេសចិន។
ស្ថានភាពបែបនេះធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
ចាប់ពីថ្ងៃទី ១២-១៣ ខែសីហា បណ្តាខេត្តនានា នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ ភ្លៀងនឹងកើនឡើងទាំងបរិមាណ ទាំងភាពសាយភាយក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។ បណ្តាខេត្តនៅវាលទំនាបកណ្តាលភាគពាយ័ព្យ និងបណ្តាខេត្តដែលមាន ព្រំប្រទល់ជាប់និងវៀតណាមអាចនឹងមានភ្លៀងច្រើន ។
២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន។
៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។
ក្រសួងក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេស នៅតំបន់វាលទំនាបកណ្តាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។