រដ្ឋមន្ត្រីទេសចរណ៍ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងបឋមផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មការអន្តរក្រសួង បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងបឋមផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។

សិក្ខាសាលានេះ បានធ្វើឡើងនៅភោជនីយដ្ឋាន ពេជ្រដា ក្រុងសែនមនោរម្យ ដោយមានការចូលរួមពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អនុប្រធាន និងសមាជិកគណកម្មការអន្តរក្រសួង អភិបាលក្រុង អភិបាលស្រុក ចៅសង្កាត់ មេឃុំ អង្គភាពជំនាញ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី តំណាងស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញក្នុងអង្គសិក្ខាសាលានេះ បានយកចិត្តទុកដាក់ផ្តល់យោបល់ទៅលើចំណុចសំខាន់ៗដូចជា៖ ការកំណត់ចក្ខុវិស័យអភិវឌ្ឍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី, ការកំណត់តំបន់អាទិភាព (Zoning) សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍, ការកំណត់ទិសដៅយុទ្ធសាស្ត្រ អាទិភាពសំខាន់ៗ និងការកំណត់យន្តការស្ថាប័នអនុវត្តផែនការមេ។ល។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញ និងក្រើនរំលឹក ដល់រដ្ឋបាលខេត្តត្រូវបន្តអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ឲ្យបានម៉ឺងម៉ាត់ ពិសេសក្នុងខណៈដែលទេសចរក្នុងស្រុកកំពុងតែមានការរីកចំរើន ហើយខាងមុខនេះនៅពេលដែលឈប់សម្រាករយៈពេលវែងត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុត និងផ្តល់សេវាទេសចរណ៍ប្រកបដោយគុណភាព និងអនាម័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។