កម្ពុជា ផ្អាកជើងហោះហើរមកពីប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៣ សីហា តទៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាសថ្មីមួយ ដោយសម្រេចផ្អាកជើងយន្តហោះពីប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ តទៅ។ សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ។

ក្នុងសេចក្តីប្រកាស បញ្ជាក់ថា ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវជើងហោះហើរពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលចូលជាធរមាន កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ បានរួមចំណែកដល់ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងកត់សម្គាល់ឃើញថា អត្រាឆ្លងបានហក់ឡើងយ៉ាងគំហុកនៅប្រទេសហ្វីលីពីន ដែលធ្វើឱ្យអត្រាអ្នកផ្ទុកវីរុសកូវីដ១៩ ខ្ពស់ជាងគេបំផុត នៅក្នុងបណ្តាប្រទេសមាជិកអាស៊ាន។
ដូច្នេះអ្នកដំណើរមកពីប្រទេសហ្វីលីពីន ក៏ជាការព្រួយបារម្ភផងដែរ ម្យ៉ាងទៀតកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានអ្នកដំណើងសរុបចំនួន១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញមានអ្នកវិជ្ជមានវីរុសកូវីដ១៩ រហូតដល់១៣នាក់ ដែលបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានសុខភាពសាធារណៈ។
ដើម្បីសុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានរលកទី២ នៃការចម្លងវីរុសកូវីដ១៩ផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។