ពលរដ្ឋនៅស្រុកវើនសៃ ផ្អើលដកផ្សិតក្ងោក នៅតាមព្រៃរបោះ យកមកធ្វើជាអាហារ និងលក់បានចំណូលបន្ថែមទៀត

ខេត្តរតនគិរី៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា រដូវភ្លៀងនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកវើនសៃ ខេត្តរតនគិរី សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោក នៅតាមព្រៃរបោះ ដើម្បីយកមកធ្វើជាអាហារ និងសល់អាចលក់ដូរខ្លះបន្ថែមចំណូលសម្រាប់ជីវភាពគ្រួសារ។

លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិវើនសៃសៀមប៉ាង នៃមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា ក្នុងពេលធ្លាក់ភ្ញៀងនារដូវវស្សា តំបន់ការពារធម្មជាតិមួយចំនួន បានផ្តល់ផលផ្សិតក្ងោក និងប្រភេទបន្លែព្រៃផ្សេងទៀត។
ផ្សិតដែលគាត់ដកបាន បានទុកសម្រាប់បរិភោគ និងសល់អាចលក់ទៅទីផ្សារក្រុងបាលុង ដោយក្នុង១គីឡូក្រាម បានតម្លៃ ១០,០០០រៀលទៅ ១២,០០០រៀលផងដែរ។ ក្រោយភ្លៀងធ្លាក់ជាប់គ្នា រយៈចាប់ពី២ឬ៣ថ្ងៃទៅ ប្រជាពលរដ្ឋស្រុកវើនសៃ អាចរកបានផ្សិតក្ងោក បានក្នុងមួយគ្រួសារ បានចន្លោះពី ៥ទៅ ១០គីឡូក្រាម ហើយមួយថ្ងៃ អ្នកស្រុក រកបានសរុបទៅប្រមាណ ៣០០ទៅ៥០០គីឡូក្រាម លក់នៅលើទីផ្សារ។ ផ្សិតក្ងោកនេះ មានរសជាតិឆ្ងាញ់ណាស់ ដែលគេអាចយកវាទៅចម្អិនធ្វើម្ហូបដូចជា ឆា និងស្ងោរជាដើម។

មន្ត្រីបរិស្ថានខាងលើ បានអះអាងថា ធនធានធម្មជាតិនឹងប្រាកដកើតឡើងយ៉ាងសម្បូរបែប សម្រាប់ទ្រទ្រង់ជីវភាពប្រជាសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់ការពង្រីកវិស័យទេសចរណ៍នៅកម្ពុជា នៅពេលមានការចូលរួម ការការពារ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។