មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃ បើទោះបីមានកូវីដ១៩

ថៃ៖ កាលពីថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ ក្រុមបាតុកររាប់ពាន់នាក់ មកពីគ្រប់មជ្ឈដ្ឋាននៃសង្គមថៃ បានមកធ្វើបាតុកម្មចូលរួមជាមួយនឹងបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ ដែលជារូបភាពបញ្ជាក់ពីការមិនពេញចិត្តដ៏ធំប្រឆាំងនឹងរដ្ឋបាលលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ពោលគឺក្រោយពេលការជួបជុំគ្នានេះបានធ្វើឡើងរាប់សិបសប្តាហ៍មកហើយនោះ។

ដោយមានការគ្រវីទង់ជាតិ និងបដាបង្ហាញពីការមិនពេញចិត្តនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនេះបានធ្វើជួបជុំធ្វើបាតុកម្មតវ៉ា នៅសកលវិទ្យាល័យ Thammasat ស្ថិតនៅក្រៅក្រុងបាងកក ទោះបីការធ្វើបាតុកម្មនេះប្រឆាំងនឹងបំរាមជួបជុំទប់ស្កាត់ការឆ្លងកូវីដ១៩ក្តី ។
កាលពីចុងសប្តាហ៍កន្លងទៅ មានសកម្មជន២នាក់ត្រូវបានចាប់ខ្លួន ពីបទញុះញង់ឲ្យមានការប៉ះបោរប្រឆាំងនឹងប្រទេសជាតិ ប៉ុន្តែត្រូវបានដោះលែងវិញ ក្រោយបង់ប្រាក់ធានាក្រៅឃុំ។
កាលពីម្សិលមិញ ក្រុមអ្នករៀបចំបាតុកម្មនៅតែបន្តទាមទារឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ រំលាយសភា និងអំពាវនាវដល់រាជរដ្ឋាភិបាលឲ្យឈប់គំរាមកំហែងប្រជាជន។
ក្រៅពីចាត់ទុកថា លទ្ធិប្រជាធិបតេយ្យនៅថៃ បច្ចុប្បន្ន គឺជាប្រជាធិបតេយ្យក្លែងក្លាយនោះ ក្រុមបាតុករក៏បានតវ៉ាជំទាស់នឹងវិធានការដោះស្រាយបញ្ហាជំងឺកូវីដ១៩ របស់រដ្ឋបាលលោក ប្រាយុទ្ធ ដែលជាអតីតមេដឹកនាំរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស្របច្បាប់ កាលពីឆ្នាំ២០១៤ផងដែរ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។