សម្តេចក្រឡាហោម បញ្ជាឲ្យអគ្គស្នងការនគរបាលជាតិពិនិត្យករណីស្នងការនគរបាលខេត្តកំពង់ធំ ដែលកូនចៅប្តឹងរឿងបៀតបៀនកេរ្តិ៍ខ្មាស់

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមទាំងអភិបាលខេត្តកំពង់ធំ ពិនិត្យលើករណីមន្ត្រីនគរបាលជានារីចំនួន ៤នាក់ ប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ពាក់ព័ន្ធការបៀតបៀនកេរខ្មាស។ ការបញ្ជានេះ បានធ្វើឡើងនៅក្រៅពិធីប្រកាសចូលកាន់មុខតំណែងសមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

ការបញ្ជារបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយលិខិតពាក្យបណ្តឹងរបស់មន្ត្រីនគរបាលជានារីចំនួន៤នាក់ ប្តឹងលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ពាក់ព័ន្ធការបៀតបៀនកេរខ្មាស សុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ស ខេង ឲ្យជួយរកយុត្តិធម៌ដល់ពួកគេ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា “ព័ត៌មានជាបឋមទាក់ទងបញ្ហានេះ គឺរឿងនេះ មិនមែនជារឿងថ្មីទេ។ រឿងយូរហើយ ក៏ប៉ុន្តែវាអាចមានបញ្ហា ពីព្រោះនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំវាមានបញ្ហា ។ដូច្នេះមកដល់ពេលនេះ ខ្ញុំមិនទាន់សម្រេចដោះស្រាយយ៉ាងម៉េចនៅឡើយ រង់ចាំក្រុមការងាររង់ចាំការត្រួតពិនិត្យ”។
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយមានស្នាមផ្តិតមេដៃចំនួន៤របស់នគរបាលនារីឱ្យដឹងថា នៅអំឡុងឆ្នាំ២០១៨-២០១៩ ស្ត្រីជាជនរងគ្រោះត្រូវបានលោក អ៊ុក កុសល ដែលជាស្នងការបានហៅពួកគាត់ឲ្យទៅជួបនៅក្នុងបន្ទប់ធ្វើការរបស់លោក ដើម្បីសួរនាំកិច្ចការងារមួយចំនួន ដោយយល់ឃើញថាគាត់ជាថ្នាក់ដឹកនាំ នារីរងគ្រោះទាំងនេះក៏បានទៅជួបគាត់ម្នាក់ម្តងៗ តាមការណាត់របស់ គាត់។ ពេលចូលដល់ក្នុងបន្ទប់តែពីរនាក់ លោកស្នងការ ក៏បានសួរនាំថា “ពាក់ស័ក្តិប៉ុន្មាន? ហើយមុខតំណែងជាអ្វីសព្វថ្ងៃ? ហើយចង់បានមុខតំណែងឬឡើងស័ក្តិអត់? បើចង់បានចាំគាត់ជួយ ព្រោះគាត់ជាស្នងការ ជាប្រធានអង្គភាព ចង់ធ្វើអ្វីក៏បានដែរ ឱ្យតែនារីជាជនរងគ្រោះព្រមស្រឡាញ់គាត់។

លិខិតដដែលបានលើកឡើងបន្តថា ៖ «លោក អ៊ុក កុសល បាននិយាយទៀតថា បើអូន (ជនរងគ្រោះ)ព្រមស្រឡាញ់បង កុំបារម្ភខ្លាចមានកូនអី ព្រោះទឹកកាមបងគ្មានមេជីវិតបង្កកំណើតទេ។ ពេលឮពាក្យសម្ដីទាំងអស់នេះ នាងខ្ញុំហួសចិត្តមិននឹកស្មានថាគាត់ហ៊ាននិយាយពាក្យសម្ដីបែបនេះមកលើនាងខ្ញុំជាកូនចៅ ជានារីភេទនោះទេ ហើយនគរបាលជានារីខ្លះមានទាំងប្ដី ទាំងកូនទៀតផង»។
ក្រៅពីប្រើពាក្យសម្ដីលួងលោម បុគ្គលនេះក៏បានចាប់បង្ខំស្ទាបអង្អែលកេរខ្មាសដោយមិនញញើត ទោះបីពេលខ្លះពួកនាងខំរើបម្រះឬចង់ស្រែកប្រាប់គេឯងក៏មិនហ៊ាន ព្រោះខ្លាចអំណាចគាត់ជាស្នងការ ម្យ៉ាងទៀតគាត់បានគំរាមមិនឲ្យប្រាប់រឿងដែលគាត់បានប្រព្រឹត្តនោះឲ្យអ្នកណាដឹងទេ បើហ៊ានគឺមានបញ្ហាហើយ។
ទោះបីដឹងថាបុគ្គលនេះតែងតែប្រព្រឹត្តបែបនេះមកលើរូបកាយនិងផ្លូវភេទពួកនាងយ៉ាងណាក៏មិនហ៊ានប្រាប់គេឯងដែរ ម្យ៉ាងខ្លាចប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរជាស្ត្រីភេទទន់ខ្សោយ ម្យ៉ាងខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារ ខ្លាចរឿងនេះដឹងដល់ប្ដីអាចប្រឈមនឹងការលែងលះគ្នាធ្វើឲ្យបែកបាក់គ្រួសារ។ ពេលខ្លះពួកគាត់ដែលជាជនរងគ្រោះត្រូវយកឯកសារ ឆ្លងយោបល់គាត់ ម្នាក់ៗខ្លាចមិនហ៊ានទៅជួបទេ តែជាភារកិច្ចហើយមិនអាចប្រកែកបាន ម្យ៉ាងទៀតគាត់ប្រាប់ តាមរយៈនាយការិយាល័យ ឬស្នងការរងទទួលផែន តម្រូវឲ្យស្ត្រីទាំងនេះទៅបកស្រាយទើបគាត់ព្រម។ ក្រៅពីស្ទាបអង្អែលសុដន់ឬកេរភេទនាងដែលជាជនរងគ្រោះ បុគ្គលនេះក៏បានបង្ខំឲ្យជនរងគ្រោះលេងប្រដាប់ភេទគាត់រហូតដល់ចេញទឹកកាម ទើបគាត់ព្រមឲ្យចេញពីបន្ទប់របស់គាត់។ នគរបាលជានារី ដែលចូលទៅជួបគាត់មួយចំនួនគឺជួបនឹងរឿងបែបនេះ ហើយក៏មាននគរបាលជានារីខ្លះ ជួបរឿងឈឺចាប់ត្រូវបែកបាក់គ្រួសារដោយសារការប្រព្រឹត្តអំពើដ៏ថោកទាបរបស់បុគ្គល អ៊ុក កុសល មកលើមន្ត្រីនគរបាលជានារី។
នារីរងគ្រោះទាំងនេះបានបន្តថា លោក អ៊ុក កុសល បានដឹកនាំបង្កើតបក្ខពួក ខ្សែស្រឡាយពុករលួយ និងអុចអាលឲ្យមានការបែកបាក់សាមគ្គីផ្ទៃក្នុងទាំងថ្នាក់ដឹកនាំស្នងការក៏ដូចជាមន្ត្រីក្រោមឱវាទ ដែលមិនអាចស្តារកិត្តិយសបានឡើយ។
លោក អ៊ុក កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មិនអាចទាក់ទងសុំការបំភ្លឺលើការចោទប្រកាន់នេះបានទេ។
គួរបញ្ជាក់ដែរថា ស្នងការនគរបាលខេត្តកំពង់ធំនេះ សម្តេចបានធ្វើលិខិតព្រមានលើកទី១ ម្តងរួចមកហើយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ហើយក្រោយការព្រមានហើយ បើមិនកែប្រែ មានតែឈានមួយជំហានទៀត គឺការដក ឬការចាត់វិធានការរដ្ឋបាលណាមួយដែលធ្ងន់ជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។