ក្រសួងបរិស្ថាន ផ្តល់ធុងសំរាមជូនសាលារៀន ដើម្បីពង្រឹងចំណេះដឹងលើការគ្រប់គ្រងសំរាម

ភ្នំពេញ៖ កាលពីថ្ងៃទី១០ សីហា ម្សិលមិញ នៅអនុវិទ្យាល័យចតុមុខ រាជធានីភ្នំពេញ ក្រសួងបរិស្ថាន តាមរយៈឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានប្រគល់ធុងគ្រប់គ្រងសំរាមជូនសាលារឪនចំនួន១១ ក្នុងរាជធានីភ្នំពេញ បន្ថែមទៀត បន្ទាប់ពីបានប្រគល់ជូនលើកទី១ កាលពីខែកក្កដាកន្លងទៅជូនសាលារៀនចំនួន១១រួចមកហើយ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រគល់ធុងសម្រាមនាថ្ងៃនេះ គឺបានបំផុសនិងជំរុញសកម្មភាពបរិស្ថាននៅតាមសាលារៀន ក៏ដូចជាលើកទឹកចិត្តឱ្តសិស្សានុសិស្សចេះគ្រប់គ្រងសំរាមបានត្រឹមត្រូវ យល់ដឹងពីសារៈសំខាន់នៃការញែកសំរាម និងចូលរួមអនុវត្តអនាម័យបរិស្ថានជាប្រចាំ។
ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ បានលើកឡើងថា ដើម្បីឱ្យការងារបរិស្ថានសម្រេចបានជោគជ័យ គឺត្រូវតែមានចូលរួមទាំងអស់គ្នា ហើយសាលារៀនត្រូវតែដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការបណ្តុះស្មារតី ផ្នត់គំនិតស្រទាប់មនុស្សជំនាន់ថ្មីជាពិសេសសិស្សានុសិស្ស ដែលមានការកិតវិជ្ជមានចំពោះបរិស្ថាន។

សូមបញ្ជាក់ថា សាលារៀនដែលត្រូវបានទទួលធុងគ្រប់គ្រងសំរាមនាពេលនេះ រួមមាន៖ អនុវិទ្យាល័យចតុមុខ អនុវិទ្យាល័យពញាពន់ អនុវិទ្យាល័យពោធិ៍ចិនតុង អនុវិទ្យាល័យបឹងធំ អនុវិទ្យាល័យចំរើនផល អនុវិទ្យាល័យត្រពាំងសាលា អនុវិទ្យាល័យឪឡោក អនុវិទ្យាល័យសុវណ្ណរាម អនុវិទ្យាល័យហ៊ុនសែនព្រៃវែង និងអនុវិទ្យាល័យហ៊ុនសែនចំរើនជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។