២នាក់ទៀតហើយ! កើតជំងឺកូវីដ១៩ តែជាករណីនាំចូល

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានប្រកាសថា រកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនួន ២នាក់បន្ថែមទៀត គឺជាជនជាតិចិន និងជាជនជាតិអាមេរិក។

ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកជំងឺកូវីដ១៩នេះ គឺជាបុរសជនជាតិចិន អាយុ២២ឆ្នាំ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វីលីពីន តាមជើងហោះហើរ ហើយមកដល់កម្ពុជានៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។ បច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
រីឯស្ត្រីជនជាតិអាមេរិកកាំង អាយុ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។ ស្ត្រីរូបនេះធ្វើតេស្តពេលមកដល់ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ សរុប ២៦៨នាក់ ស្ត្រី ៥៣នាក់ និងបុរស ២១៥នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុប ២២០នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៨នាក់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។