ទេសចរណ៍​ផ្សងព្រេង ចាប់អារម្មណ៍​ដើរ​កំសាន្ត​ឡើងលើ​ភ្នំ​រាំង​ខ្វាវ ខេត្តពោធិ៍សាត់​

​ខេត្តពោធិ៍សាត់​៖ លោក ប៉ាន មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា មាន​អ្នក​ទេសចរណ៍​មួយក្រុម​មាន​គ្នា​ចំនួន ២១​នាក់ មកពី​ភ្នំពេញ បានធ្វើ​ដំណើរ​ឡើង​ភ្នំ​ខ្វាវ ហៅ​ភ្នំ​តា​ក្រហម​ករ ដើម្បី​ដើរ​កំសាន្ត និង​សម្រាកលំហែរ​កាយ​លើ​ខ្នងភ្នំ​។

​ភ្នំ​ខ្វាវ ហៅ​ភ្នំ​តា​ក្រហម​ករ មាន​ទីតាំង​ក្នុង​ដែនជម្រកសត្វព្រៃ​ឱ​រ៉ា​ល់ ភូមិសាស្ត្រ​ខេត្តពោធិ៍សាត់​។ នៅក្នុង​ដំណើ​កម្សាន្ត​នេះ ទេសចរ​បាន​សម្របសម្រួល​ជាមួយ​សហគមន៍​ការពារ​ធម្មជាតិ​រាំង​ខ្វាវ និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ចំនួន​១​នាក់ ជា​អ្នក​នាំ​ផ្លូវ​ក្នុងភូមិ​សាស្ត្រ​តំបន់ការពារធម្មជាតិ​។

​លោក ប៉ាន មរកត បាន​បន្ថែមថា ការធ្វើដំណើរ​ឡើង​ភ្នំ​លោកតា​ក្រហម​ករ​នេះ​ត្រូវ​ចំណាយពេល​១​យប់​២​ថ្ងៃ ហើយ​ឆ្លងកាត់​ពីរ​ដំណាក់កាល ក្នុងនោះ​ដំណាក់​ទី​១​គឺមាន​ទឹក​ហូរ​ដ៏​ថ្លា​ឆ្វង់​អាច​ហែល​ទឹក​លេង​កម្សាន្ត ហើយ​ដំណាក់​ទី​២​គឺ​កំពូលភ្នំ​លោកតា​ក្រហម​ករ​តែម្ដង ជា​កន្លែង​ដែល​អាច​ឈរ​មើល​ព្រៃព្រឹក្សា និង​ទេសភាព​ជុំវិញ​ភ្នំ ជាពិសេស មើល​ថ្ងៃ​លិច​នៅលើ​កំពូលភ្នំ​បាន​យ៉ាង​ស្រស់ស្អាត​។​

​សូមបញ្ជាក់ថា សហគមន៍​រាំង​ខ្វាវ មាន​កន្លែង​កំសាន្ត​ដូចជា កំពូលភ្នំ​ខ្វាវ ឬ​ភ្នំ​លោកតា​ក្រហម​ករ​ដែលមាន​កម្ពស់​១៣០០​ម៉ែត្រ អណ្ដូង​ត្រាំ​ស្បែក​គង់ និង​ទឹក​ហូរ​ស្ទឹង​សេនាធិការ​យ៉ាង​ស្រស់ស្អាត​។ បង្កើតឡើង​នៅ​ឆ្នាំ​២០១៤ និង​ទទួលស្គាល់​ដោយ​ក្រសួងបរិស្ថាន​ឆ្នាំ​២០១៧ សហគមន៍​រាំង​ខ្វាវ​មាន​ផ្ទៃដី​៧៧៦​ហិកតា និង​មាន​ប្រជាពលរដ្ឋ​ចំនួន​២៧៧​គ្រួសារ ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច​សួយ​កំពុង​រស់នៅ​។ ប្រជាពលរដ្ឋ​នៅ​ទីនោះ​រក្សាបាន​នៅ​ទំនៀម​ទំលាប់​ប្រពៃណី​ដូចជា ឡើងអ្នកតា សែន​ព្រេង ឡើង​អារក្ខ ជន់​អារក្ខ​…​។​

​ដើម្បី​ធ្វើដំណើរ​ទៅលេង​ភ្នំ​លោកតា​ក្រហម​ករ​នេះ អ្នក​ទេសចរណ៍​អាចមាន​ជ្រើ​រើស​ផ្លូវ​ធ្វើដំណើរ​ចំនួន​បី​ផ្សេងគ្នា ដោយ​ចេញពី​ភ្នំពេញ​ទៅដល់​ផ្លូវ​ទី​១ គឺ​ចូល​តាម​បំ​ណ​ក់​(​ច្រក​ល្អៀង​) ដែលមាន​ប្រវែង​ប្រហែល​៣០​គីឡូម៉ែត្រ ហើយ​ផ្លូវ​ទី​២ ចូល​តាម​ព្រ​ងឹល​ស្រុក​ភ្នំក្រវាញ ដែលមាន​ចម្ងាយ​ប្រហែល​៤៧​គីឡូម៉ែត្រ និង​ផ្លូវ​ទី​៣ ចូល​តាម​ក្លោងទ្វា​វត្ត​កណ្ដាល​(​ទីរួមស្រុក​ក្រវាញ​)​កាត់​តាម​ភូមិ​មុ​ល​ដែលមាន​ប្រវែង​៣៧​គីឡូម៉ែត្រ​៕​

     

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close