គ្រូបង្វឹក Leonardo លាឈប់ពីក្រុមជម្រើសជាតិកម្ពុជា ក្រោយដឹកនាំបាន ៩ខែ
គ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino បានលាលែងពីតំណែងហើយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ ក្រោយដឹកនាំជម្រើសជាតិកម្ពុជាបានតែ៩ខែ តាំងពីខែមករា ជំនួសកៅអីលោក Lee Tae Hoon។
ចម្ងល់ជាច្រើនបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបង្ហោះសារដ៏កក្រើកមួយលើប្រព័ន្ធទំនាក់ទំនងសង្គមរបស់ខ្លួន នារាត្រីថ្ងៃទី១៩ ខែតុលានេះ ដែលខ្លឹមសាសរក្នុងសាររបស់លោក ហាក់បញ្ជាក់ពីគម្រោងលាឈប់ពីក្រុមជម្រើសជាតិកម្ពុជា។
គ្រូបង្វឹកប្រេស៊ីលរូបនេះ បានសរសេរថា «សូមអរគុណដល់អ្នកគាំទ្រកម្ពុជាចំពោះពេលវេលាដ៏អស្ចារ្យ ។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជនទាំងអស់ដែលធ្វើអោយខ្ញុំមានឱកាសធ្វើការនៅទីនេះ (បុគ្គលិកមន្ត្រីរាជការ កីឡាករអ្នកគ្រប់គ្រ ងនិងគ្រូបង្វឹក)។ សូមអភ័យទោសចំពោះការមិនអាចផ្លាស់ប្តូរអ្វីមួយបាន»។
លោកបន្ដថា «ខ្ញុំសូមជូនពរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលបានការរីកចំរើន និងល្អបំផុត ហើយសូមអរគុណចំពោះឱកាសអោយខ្ញុំ ដើម្បីដឹកនាំបាល់ទាត់ក្រុមជំរើសជាតិកម្ពុជា។ សូមអរគុណផងដែរ អ្នកឧបត្ថម្ភ៖ Smart, SCG, Clear … នឹង អ្នកដ៏ទៃទៀត ។ ខ្ញុំនឹងមិនភ្លេចអ្នកគាំទ្រកម្ពុជាទេ !!!»។
លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានថ្លែងប្រាប់ Fresh News នៅមុននេះបន្តិចថា ការប្រកួតដែលនៅសេសសល់ក្នុងឆ្នាំ២០១៧ នេះ មន្ត្រីបច្ចេកទេស លោក អូហារ៉ា នឹងដឹកនាំបណ្តោះអាសន្ន ពេលកម្ពុជាប្រកួតទល់នឹងហ្ស៊កដានី និងអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពានអាស៊ី AFC Asian Cup 2019៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។