គ្រោះថ្នាក់ចរាចរណ៍២ករណី ត្រង់ចំណុចតែមួយ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសជិត ៣០នាក់

ព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធំ តូច និងម៉ូតូច្រើនគ្រឿងទៀត កាលពីយប់ ថ្ងៃទី១១ សីហា ម្សិលមិញ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងជិត ៣០នាក់ទៀត រងរបួសធ្ងន់ស្រាល លើផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍ពីសមត្ថកិច្ច បានបញ្ជាក់ថា ករណីបុកប៉ះគ្នានោះ បានខូចខាតរថយន្តចំនួន ៥គ្រឿង, ម៉ូតូចំនួន ៤គ្រឿង បណ្តាលឲ្យស្លាប់ម្នាក់ នៅនឹងកន្លែង និងរងរបួសធ្ងន់ស្រាលចំនួន ២៩នាក់។
ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាកFUSO ពណ៌ត្រួយចេក ពាក់ផ្លាកលេខ ព្រះសីហនុ3A-7073 ក្រុមហ៊ុនSP បើកពីខេត្តព្រះសីហនុទៅភ្នំពេញ លុះដល់ចំណុចខាងលើ បានចុះចំណោត ស្រាប់តែតែរថយន្ត ដាច់ហ្វ្រាំងហើយជ្រុលទៅបុករថយន្តចំនួន ៣គ្រឿង ដែលមានទិសដៅស្របគ្នា។
អ្នកបើកបររថយន្តបង្ក ឈ្មោះ កែវ សៅភី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបើកបរ ទីលំនៅភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ស្រាប់តែមួយសន្ទុះក្រោយ ក៏មានរថយន្តដឹកកុងតឺន័រ ១គ្រឿងទៀត ម៉ាក international ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ3D-6269 ទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញដូចគ្នា មកដល់ចំណុចកើតហេតុដដែល បានគេចរថយន្ត១គ្រឿង ម៉ាកLEXUS RX330 ដែលជួបគ្រោះថ្នាក់ ចតនៅកណ្តាលផ្លូវនោះ ជ្រុលចង្កូតបុករះម៉ូតូចំនួន៤គ្រឿងបន្ថែមទៀត ដែលគេចតឈប់មើលគ្រោះថ្នាក់នោះ ទើបបណ្តាលឲ្យមានស្លាប់ម្នាក់ និងរងរបួសចំនួន ២៩នាក់តែម្តង។
ជនរងគ្រោះដែលស្លាប់ ឈ្មោះ ឆឹង ប៊ុនឆេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបច្ចុប្បន្ន ភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។
ករណីនេះដែរ កម្លាំងជំនាញ បានចុះអន្តរាគមន៍ និងបាននាំខ្លួនអ្នកបើក មកសាកសួរមកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។