ភ្ញៀវទេសចរ ចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាប ជាបន្តបន្ទាប់ ខណៈ៥ថ្ងៃទៀត នឹងចាប់ផ្តើមកម្មវិធី “សម្រាកសៀមរាប”

ខេត្តសៀមរាប៖ លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងថា រដ្ឋាភិបាលបានឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលក្នុងឱកាសថ្ងៃឈប់សម្រាកនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីមួយឈ្មោះថា សម្រាកសៀមរាប ដែលនៅក្នុងកម្មវិធីនេះ មានតាមបែបប្រពៃណី សាសនា កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត ដោយអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ក្នុងនោះមានកម្មវិធីសាសនា ដែលជាការបួងសួងសុំសេចក្តីសុខ, កម្មវិធីតាំងពិព័រណ៍ បន្លែផ្លែឈើ កសិផល នៃផលិតផលរបស់ក្រុង-ស្រុកទាំង១២, កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប, កម្មវិធីផ្សារទឹក, កម្មវិធីជិះទូកកំសាន្ត, កម្មវិធីកំសាន្តក្នុងតំបន់ផាប់ស្ទ្រីត, កម្មវិធីជិះកង់កំសាន្ត, កម្មវិធីកីឡាវាយកូនហ្គោល, កម្មវិធីដើរព្រៃ នៅតំបន់រមណីយដ្ឋានធម្មជាតិចង្ក្រានរយ, តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន និងផ្ទាំងទស្សនីយភាពសិល្បៈ ព្រមទាំងមានកម្មវិធីកំសាន្តផ្សេងៗជាច្រើនទៀត។

លោក ហ្វី លិបកៅ បានឱ្យដឹងទៀតថា គិតរហូតមកដល់រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរជាតិបានចាប់ផ្តើមធ្វើការកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបមានជាបន្តបន្ទាប់ហើយ តែមិនទាន់ច្រើននៅឡើយទេ ដោយសារតែតាមទម្លាប់ភ្ញៀវទេសចរជាតិភាគច្រើន មិនសូវកក់បន្ទប់ស្នាក់មុនទេ ច្រើនតែមកដល់ភ្លាមចូលស្នាក់នៅភ្លាម។ជាមួយនេះ យើងឃើញថា មានណ្ឋាគារនិងផ្ទះសំណាក់មួយចំនួននៅខេត្តសៀមរាបក៏បានបញ្ចុះតម្លៃស្នាក់នៅផងដែរ ដូច្នេះរំពឹងថា នៅក្នុងឱកាសនេះ នឹងធ្វើឱ្យចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាបល្អប្រសើរជាងបច្ចុប្បន្ន ដោយប្រតិបត្តិករទេសចរណ៍ និងទទួលបានចំណូលខ្លះសម្រាប់ធ្វើឱ្យអាជីវកម្មរបស់ពួកគេអាចបន្តដំណើរការទៅមុខទៀតបាន ហើយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏អាចទទួលបានប្រយោជន៍ទាំងដោយផ្ទាល់និងប្រយោលផងដែរ។

សូមបញ្ជាក់ថា ដោយសារបច្ចុប្បន្ននេះស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ អាជ្ញាធរខេត្តក៏បានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា៖ ១.កុំភ្លេចពាក់ម៉ាស់ ឬក្រម៉ា ២.កុំភ្លេចជែល ឬអាល់កុលលាងដៃ ហើយអាជ្ញាធរបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ ៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព៕

ប្រភពពី៖ មន្ទីរព័ត៌មានខេត្តសៀមរាប
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។