អ្នកកើតជំងឺកូវីដ១៩ថ្មី ៤នាក់ទៀត ត្រូវបានរកឃើញជាករណីនាំចូល តែក៏មានអ្នកជាសះស្បើយ៣នាក់ដែរ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ បានរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ៤នាក់ទៀត ជាករណីនាំចូលមកពីប្រទេសរុស្ស៉ី និងឥណ្ឌូនេស៊ី តែក៏មានអ្នកជំងឺ ៣នាក់ទៀត បានជាសះស្បើយផងដែរ។

ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ថ្មីទាំង ៤នាក់នេះ គឺជាបុរសជាជាតិខ្មែរ ៣នាក់ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៉ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ និងអ្នកជំងឺម្នាក់ទៀត ជាបុរសខ្មែរ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។
ដោយឡែកអ្នកដែលព្យាបាលជាសះស្បើយវិញ គឺជាបុរសជនជាតិខ្មែរទាំង ៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ១៩ សរុប ២៧២នាក់ ស្ត្រី ៥៣នាក់ និងបុរស ២១៩នាក់ ក្នុងនោះអ្នកព្យាបាលជាមានចំនួនសរុប ២២៣នាក់ ស្ត្រី ៤៦នាក់ និងបុរស ១៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៤៩នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។