អាជ្ញាធរខេត្តសៀមរាប គាំទ្រចំណាត់ការ ហាមឃាត់អាជីវកម្មទិញលក់ពិឃាតសត្វសុនខ

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ដោយមានការិះគន់ពីភ្ញៀវទេសចរអន្តរជាតិ ក្នុងនាមអាជ្ញាធរខេត្ត សូមគាំទ្រចំណាត់ការរបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ។

លោក បានបញ្ជាក់ថា ការបរិភោគសាច់សត្វសុនខនេះ វាអាចធ្វើឲ្យមានជំងឺអាសន្នរោគ និងជំងីផ្សេងៗទៀត រួមទាំងមេរោគកូវីត ជាពិសេសធ្វើឲ្យសុខភាពអ្នកបរិភោគចុះទន់ខ្សោយឬអាចដល់ស្លាប់ក៏ថាបានដែរ ដូច្នេះតាមរយៈនេះ សូមអំពាវនាវដល់អ្នកប្រកបមុខរបបនេះ គួរតែប្ដូរទៅប្រកបមុខរបរផ្សេងតាមតែអាចធ្វើទៅបាន រួមទាំងអ្នកបរិភោគផងដែរ គួរតែបញ្ឈប់ការបិភោគសាច់សត្វសុនខ ។

គួររំលឹកថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការហាមឃាត់ការធ្វើអាជីវកម្មទិញលក់ពិឃាតសត្វសុនខ ដោយបញ្ជាក់ថា ការដើរទិញលក់និងពិឃាតសត្វអាណាធិបតេយ្យគ្មានច្បាប់ទម្លាប់នេះ វាផ្ទុយនឹងខ្លឹមសារច្បាប់ស្ដីពីសុខភាពសត្វ និង ផលិតកម្មសត្វផង និង ប៉ះពាល់ដល់សុខភាពសាធារណៈផង។

សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត បានឲ្យដឹងថា៖ កន្លងមកនៅទូទាំងខេត្តសៀមរាប មានទីតាំងលក់ និងពិឃាតចំនួន ២៥កន្លែង ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រមាណ ១៣កន្លែង និងសន្យាឈប់បន្តអាជីវកម្មលក់ ពិឃាតសត្វសុនខនេះជាបន្តបន្ទាប់ ដោយចាប់ប្រកបមុខរបរផ្សេងៗទៀតដែលច្បាប់អនុញ្ញាត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។