រថយន្តដឹកដី បុកម៉ូតូពេញទំហឹង ជ្រុលជល់ផ្ទះពលរដ្ឋ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តដឹកដី បុកគ្នាជាមួយម៉ូតូពេញទំហឹង បណ្តាលឲ្យមានមនុស្សម្នាក់ ស្លាប់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ កាលពីម៉ោងជាង៦ល្ងាច ថ្ងៃ១២ ខែសីហា ឆ្នាំ២០២០ នៅជិតសាលាដុនបូស្កូ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា កណីនេះបង្កឡើងរថយន្តប្រភេទបែនដឹកដី ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-5931 បើកពីកើតទៅលិច លុះដល់ចំណុចខាងលើ បានជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាក HONDA BEAT ពណ៌ខៀវ ពាក់ផ្លាកលេខ កំពងចាម1U-6915 ទិសដៅស្របគ្នា បណ្តាលឲ្យភាគីខាងម៉ូតូ ស្លាប់នៅនឹងកន្លែង។ ហើយរថយន្ត បានជ្រុលចង្កូតទៅបុកទុយូទឹក និងបង្គោលភ្លើងអគ្គិសនី១ដើម និងប៉ះសំយាបផ្ទះពលរដ្ឋ ខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររថយន្ត គៀបជាប់រងរបួសធ្ងន់។

អ្នកបើកបរឈ្មោះ ហេង វុត្ថា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម រីឯជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណទេ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានវាស់វែង និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ រីឯសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕




កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។