រដ្ឋបាល​រាជធានី​ភ្នំពេញ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក សង​បុណ្យចូលឆ្នាំ​ខ្មែរ

​ភ្នំ​ពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ បាន​សេចក្ដីជូនដំណឹង ស្ដីពី ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ក្នុងឱកាស​ឈប់សម្រាក​ការងារ នៅ​ថ្ងៃទី​១៧ ទី​១៨ ទី​១៩ ទី​២០ និង​ទី​២១ ខែសីហា ឆ្នាំ​២០២០​។​

​ក្នុង​សេចក្ដីជូនដំណឹង បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាក​ការងារ នៅ​ថ្ងៃទី​១៧ ទី​១៨ ទី​១៩ ទី​២០ និង​ទី​២១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំជូត ទោស័ក ស្របតាម​អនុក្រឹត្យ​លេខ ១០១ អនក្រ​.​បក ចុះ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ស្ដីពី​ការអនុញ្ញាត​ឲ្យ​មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាក​ការងារ នៅ​ថ្ងៃទី​១៧ ទី​១៨ ទី​១៩ ទី​២០ និង​ទី​២១ ខែសីហា ឆ្នាំ​២០២០​។​

​នៅក្នុង​អំឡុងពេល​ឈប់សម្រាក តាម​កាលបរិច្ឆេទ​ខាងលើនេះ ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅក្នុង​រាជធានី​ភ្នំពេញ នឹងមិន​បានល្អ​ដូច​ថ្ងៃ​ធម្មតា​ទេ ព្រោះ​កម្មករ​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី នឹង​អវត្តមាន​មួយចំនួន​។​

​ដើម្បី​ថែរក្សា សោភ័ណភាព អនាម័យ​បរិស្ថាន នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូមមេត្តា​យោគយល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម មក​ដាក់​នៅតាម​ដងផ្លូវ​សាធារណៈ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំង​រៀងៗ​ខ្លួន ជា​បណ្ដោះអាសន្ន​សិន ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close