ឆ្នាំនេះ! កម្ពុជា ផ្អាកពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ភ្នំពេញ៖ នៅមុននេះបន្តិច រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្រេចផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។

នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីផ្ញើជូនសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ តាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែប្រារព្ធធ្វើឡើងនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំងក្នុងរយៈពេល៣ថ្ងៃ គឺពីថ្ងៃ ១៤កើត ១៥កើត និងថ្ងៃ១រោច ខែកត្តិក ដែលឆ្នាំ២០២០នេះ ត្រូវនឹងថ្ងៃទី៣០, ៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា នៅតាមទន្លេសាប។ តែព្រះរាជពិធីក៏ធ្លាប់បានផ្អាកផងដែរ ពេលសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ យាងសោយទិវង្គត និងពេលកម្ពុជាជួបនឹងវិបត្តិទឹកជំនន់ ឬវិបត្តិសង្គមផ្សេងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close