រកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ម្នាក់ទៀតហើយ ជាករណីនាំចូល ខណៈមានជា ២នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ ប្រកាសថា មានពលរដ្ឋខ្មែរម្នាក់ទៀត បានកើតជំងឺកូវីដ១៩ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងបានព្យាបាលជាសះស្បើយចំនួន ២នាក់។

ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ១៩ថ្មីនេះ ជាស្ត្រីជនជាតិខ្មែរ អាយុ៥១ឆ្នាំ មានអាស័យដ្ឋាននៅឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីសហរដ្ឋអាម៉េរិក ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជា នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០។
ដោយឡែកអ្នកព្យាបាលជាសះស្បើយ២នាក់ គឺជាបុរសជនជាតិខ្មែរ ម្នាក់អាយុ ២៦ឆ្នាំ នៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្ដាល និងម្នាក់ទៀត អាយុ២២ឆ្នាំ មានអាស័យដ្ឋាននៅភូមិជីមាន់ ឃុំក្រែក ស្រុកក្រែក ខេត្តត្បូងឃ្មុំ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៧៣នាក់ ស្រី្ត៥៤នាក់ និងបុរស ២១៩នាក់ ក្នុងនោះអ្នកព្យាបាលឱ្យជាសះស្បើយឡើងវិញ មានចំនួន២២៥នាក់ ស្ត្រី៤៦នាក់ និងបុរស១៧៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជន មានចំនួនសរុប ៤៨នាក់៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។