កូន​ខ្មែរ​មួយរូប កែច្នៃ​សំណល់​ប្លា​ស្ទិ​ក ផលិត​ជា​ឥដ្ឋ​

កណ្តាល​៖ ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា យើង​ធ្លាប់តែ​ឃើញ​គេ​ប្រើ​ឥដ្ឋ​ធ្វើ​ពី​ដីឥដ្ឋ ឬក៏​ស៊ីម៉ង់ ប៉ុន្តែ​ពេលនេះ​កូន​ខ្មែរ​មួយរូប បាន​កែច្នៃ​យក​សំណល់​ប្លា​ស្ទិ​ក ដែល​គេបោះបង់​ចោល​មក​ផលិត​ជា​ដុំឥដ្ឋ​វិញ​។ លោក សុខ​ធី គឺជា​ម្ចាស់​សហគ្រាស នៅក្នុង​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ លោក​បានដាក់​ឈ្មោះ​ផលិតផល​ថា​ជា​ឥដ្ឋ​អេកូ​ឬ​ឥដ្ឋ​បរិស្ថាន​។​

​លោក សុខ ធី ធ្លាប់បាន​សិក្សា​ដក​ពិសោធន៍​បច្ចេកទេស​ផលិត​ឥដ្ឋ​ពី​ក្រៅប្រទេស​ដូចជា​នៅ​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌា ថៃ ចិន​និង​ហ្វីលីពីន​។ បន្ទាប់មក លោក បាន​បង្កើត​គំនិត​ផលិត​ឥដ្ឋ​អេកូ​នេះ ដោយ​ទាញ​ចេញពី​សំណល់​ប្លា​ស្ទិ​ក​ចាប់ពី​ឆ្នាំ​២០១៩​កន្លងទៅនេះ​។​

​អ្វីដែល​សំខាន់​នោះ​គឺ សហគ្រាស​របស់លោក សុខ ធី បាន​សហការ​ជាមួយ​សាលារៀន និង​អាជ្ញាធរ​មូលដ្ឋាន យក​សំណល់​ប្លា​ស្ទិ​ក ថង់​ប្លា​ស្ទិ​ក កញ្ចប់​មី កញ្ចប់​នំ ទុយោ​ជ័រ កំប៉ុង​ជ័រ ប្រអប់​បាយ នៅតាម​សាលារៀន និង​តាម​មូលដ្ឋាន ដែល​សិស្សានុសិស្ស និង​ប្រជា​សហគមន៍ បានរៀបចំ​ទុកដាក់​កាកសំណល់​សំរាម​ពី​ប្លា​ស្ទិ​ក ដោយឡែក​ពី​សំរាម​ផ្សេងទៀត ដើម្បី​យកទៅ​ផលិត​ជា​ឥដ្ឋ​បរិស្ថាន​នេះ​ឡើង​។​

​អតិថិជន​មួយចំនួន​បាន​ស្គាល់​ឥដ្ឋ​អេកូ​របស់លោក សុខ ធី តាមរយៈ​ការបង្ហាញ​តាម​ពិព័រណ៍​ផលិតផល​នាពេល​កន្លងមក ហើយ​បាន​បញ្ជា​ទិញ​មាន​ចំនួន​ច្រើន​ដោយ​លើក​ចិត្ត​ចំពោះ​ការគិតគូរ និង​ចូលរួម​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​។ លោក សុខ ធី បាន​បង្ហាញថា​ម៉ាស៊ីន​ផលិត​ដែល​សព្វថ្ងៃ មាន​ត្រឹមតែ​៤​គ្រឿង​និង​ផ​លិ​ដោយ​ប្រើ​ដោយ​ដៃ​នៅឡើយ​។ សហគ្រាស​អាច​ផលិត​បានត្រឹមតែ​១០០​ទៅ​២០០​ដុំ​តែប៉ុណ្ណោះ​ដែល​មិនទាន់​តម្រូវការ​ទីផ្សារ​នោះទេ​។​

​សូមបញ្ជាក់ថា លោក សុខ ធី មាន​គម្រោង​ផលិត សម្ភារៈ​សំណង់​ផ្សេងទៀត ដូចជា​ក្បឿង និង​ឥដ្ឋការ៉ូ ចេញពី​សំណល់​ប្លា​ស្ទិ​ក​ដូចគ្នា​ជាមួយ​ឥដ្ឋ​អេកូ​ដែរ ប៉ុន្តែ​លោក​ត្រូវការ​ទុន​ច្រើន និង​ត្រូវ​ការទិញ​ម៉ាស៊ីន​កែច្នៃ​ធុន​ធំៗ​៕

 
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close