ប្រ​ព័​ន្ឋ​ស្បៀង​បម្រុង​កម្ពុជា បន្ត​ផ្តល់​គ្រាប់ពូជ​បន្លែ​ជូន​ដល់​កសិករ នៅ​ខេត្តសៀមរាប​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ នៅ​បរិវេណ​សាលាឃុំ​លាងដៃ ស្រុក​អង្គរធំ លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​គ្រប់គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា (​ប​.​ស​.​ប​.​ក​) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចែក​គ្រាប់ពូជ​បន្លែ ដោយ​ឥតគិតថ្លៃ​ជូន​ដល់​កសិករ និង​កម្មករ ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ជំរុញ​ការដាំដុះ​បន្លែ​សុវត្ថិភាព​” ជា​លក្ខណៈ​គ្រួសារ​។​

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត បាន​ថ្លែងថា ការផ្តល់​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ គឺ​ដើម្បី​ជំរុញ​ការដាំដុះ បន្លែ​សុវត្ថិភាព​” ជា​លក្ខណៈ​គ្រួសារ ជា​ការជួយ​បង្កើត​ការងារ និង​លេ​ី​ក​កម្ពស់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល វា​ជួយផ្តល់​អត្ថប្រយោជន៍​និង​ផ្តល់​ផលចំណេញ​ដល់​ពួកគាត់​ដោយបាន​កាត់បន្ថយ​ការចំណាយ​ថវិកា​ទៅ​ទិញ​នៅ​ទីផ្សារ ចំណេញ​ដល់​សុខភាព​ព្រោះ​យើង​ដាំ​និង​ថែទាំ​ដោយ​ខ្លួនឯង​មិន​បារម្ភ​ពី​បន្លែ​មានប្រើ​ជីគីមី​ឬ​បន្លែ​នាំចូល​ពី​ក្រៅ​ឡើយ​។​

​សូមបញ្ជាក់ថា ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ចុងឆ្នាំ​២០១២ ហើយ​កិច្ចដំណើរការ​របស់​ប្រព័ន្ធ​នេះ គឺ​ត្រូវបាន​ប្រើប្រាស់​ថវិកាជាតិ​១០០% ។ ក្រៅពី​កញ្ចប់​ថវិកា​សម្រាប់​ការផ្គត់ផ្គង់ ចែកជូន​គ្រាប់ពូជ​បន្លែ​ដោយ​ឥតគិតថ្លៃ នៅមាន​បម្រុង​ស្បៀង​ជា​អង្ករ​សម្រាប់​អន្តរាគមន៍​នៅពេល​មាន​គ្រោះធម្មជាតិ ទឹកជំនន់ រាំងស្ងួត និង​គ្រោះមហន្តរាយ​ផ្សេងៗ​ទៀត ក្នុងនោះដែរ​បាន​ត្រៀម​គ្រា​ប់​ពូជស្រូវ​បម្រុង​ប្រមាណ​ជា ៣០០០​តោន ក្នុង​មួយឆ្នាំៗ​។

​ដោយឡែក​សម្រាប់​ខេត្តសៀមរាប ការផ្តល់ជូន​ពូជ​បន្លែ​ចាប់ពី​ចុងខែ​កក្កដា ឆ្នាំ​២០២០​មកដល់ពេលនេះ គឺ​បាន​ស្រុក​ស្រីស្នំ ស្រុក​វ៉ារិន ស្រុក​អង្គរជុំ ស្រុក​អង្គរធំ និង​ស្រុក​ប្រាសាទបាគង ដោយ​ក្រុមការងារ​លេខាធិការដ្ឋាន​ប្រព័ន្ធ​ស្បៀង​បំរុង​កម្ពុជា បាន​នាំយក​ពូជ​បន្លែ ត្រកួន ត្រប់ ប៉េងប៉ោះ និង​ស្ពៃ​ច​ង្កើះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close