កម្ពុជា នឹង​បញ្ចប់​ការ​គម្រាមកំហែង​ដោយសារ​មីន ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​ច្បាស់លាស់ ក្នុងការ​បញ្ចប់​ការ​គម្រាមកំហែង​ដោយសារ​មីន ឲ្យ​អស់​ត្រឹម​ឆ្នាំ​២០២៥​។ ​ឯកឧត្តម បាន​ថ្លែងបែបនេះ ក្នុង​ពិធី​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធគ្រប់គ្រង​ផែនការ​បោសសម្អាត​មីន គ្រាប់បែក​ចង្កោម និង​កម្មវិធី​វិភាគ​ទិន្នន័យ​សកម្មភាព​មីន នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ ដែល​វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​៣​ថ្ងៃ ។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍​ទៀតថា តាមរយៈ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​ថ្មី​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​តាមដាន​ការអនុវត្ត​ផែនការ​បោសសម្អាត​មីន របស់​ម៉ា​ពូ រាជធានី​-​ខេត្ត តាមរយៈ​អន​ឡាញ ហើយក៏​អាច​អនុញ្ញាត​ឲ្យ​ម៉ា​ពូ ផ្ទុក​និង​ឆែក​មើល​ទិន្នន័យ ក្នុង​ខេត្ត​របស់ខ្លួន​បាន​យ៉ាង​ងាយស្រួល​ផងដែរ​។​

​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណកម្មាធិការ​សកម្ម​ភាព​មីន​ខេត្តសៀមរាប បាន​បញ្ជាក់ថា តាម​តួរ​លេខ​របស់​អង្គការ ស៊ី​អិ​ម​វី​ស ( CMVIS ) ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បាន​បង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ ចំនួន​ជនរងគ្រោះ​ដោយសារ​មីន និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​មាន​ចំនួន​៣៨​នាក់ ថយចុះ​៤០​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ ដែលមាន​អត្រា​ជនរងគ្រោះ​ចំនួន​៤៨​នាក់ ដែល​នេះ​គឺជា​បញ្ហា​ដែល​តម្រូវ​ឲ្យ​អ្នកពាក់ព័ន្ធ ចូលរួម​ក្នុង​កិច្ចសហប្រតិបត្តិការ​កា​រងារ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​បន្ថែមទៀត ខណៈដែល​ម៉ា​ពូ គឺជា​ខ្នងបង្អែក​នៅក្នុង​វិស័យ​មីន និង​ជា​អ្នក​ជួយ​កាត់បន្ថយ ពិការភាព និង​ការបាត់​បង់ជីវិត ក្រោម​ការ​គ​ម្រោម​កំហែង​ដោយ​គ្រាប់មីន​ប្រឆាំង​មនុស្ស កាកសំណល់​នៃ​ស​ង្ក្រា​ម​នោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close