“​សម្រាក​សៀមរាប​” រៀបចំ​ពិធី​ប្រកួត​មាន់​អាំង​ឆ្ងាញ់ តាម​បណ្តា​ក្រុង​-​ស្រុក ទាំង​១២ ដើម្បី​បង្ហាញជូន​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ​

ខេត្ត​សមៀ​រាប​៖ កាលពី​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តសៀមរាប សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដោយមាន​ការចូលរួម​ពី​មន្ទីរ អង្គភាព និង អាជ្ញាធរ​ក្រុង ស្រុក​ទាំង​១២ បានរៀបចំ​ពិធី​ប្រកួត​មាន់​អាំង​ឆ្ងាញ់ តាម​បណ្តា​ក្រុង​-​ស្រុក ទាំង​១២ ដើម្បី​បង្ហាញជូន​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ និង បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ នៅ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់​សៀមរាប​ផងដែរ​។​

​តាម​សេចក្តីរាយការណ៍​របស់​លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បាន​ឲ្យ​ដឹង​អំពី​លក្ខ​ន្ត័​នៃ​ការប្រកួត​មាន់​អាំង​នេះ ដោយមាន​រៀបចំ​គណៈកម្មការ​ត្រួត​ពិនិត្យ ដាក់ពិន្ទុ និង ភ្លក់​រស់ជាតិ​ផងដែរ ។ នៅក្នុង​ល​ក្ខ័​ន្ត​ប្រកួត​នោះ ដោយបាន​ពិនិត្យ​ទៅលើ​សោ​ភណ្ឌ​ភាព អនាម័យ របៀប​ផ្សំ​គ្រឿង ប្រភព​នៃ​មាន់ (​មាន់​ស្រែ ឬ កសិកម្ម ) និង រស់ជាតិ​ទៀតផង​។​

​កម្មវិធី​សម្រាក​សៀមរាប​នាពេលនេះ ជាការ​ផ្តល់ឱកាស​ក្នុងការ​លើកកម្ពស់ និង ជម្រុញ​នូវ​ផលិតផល​ក្នុងស្រុក ក៏ដូចជា​ការ ជម្រុញ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប ។ ក្នុង​កម្មវិធី​ប្រកួត​ពានរង្វាន់​មាន់​អាំង​ឆ្ងាញ់​ជាងគេ​នៅក្នុង​ខេត្តសៀមរាប ដែល​រៀបចំឡើង ដោយ​សមាគម​ចុងភៅ​កម្ពុជា​ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ប្រកួត​យ៉ាងច្រើន​កុះករ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ចុងភៅ​ចំណានៗ ជាច្រើនរូប​ផងដែរ ។

​ជាមួយគ្នានេះ​ផងដែរ ការរៀបចំ​កម្មវិធី​ប្រកួត​ពានរង្វាន់​មាន់​អាំង​ឆ្ងាញ់​ជាងគេ​ខេត្តសៀមរាប​នេះ រៀបចំឡើង​ក្នុង​គោលបំណង បង្ហាញ​នូវ​ស្នាដៃ នៃ​ការ​អាំង​មាន់ របស់​ចុងភៅ​គ្រប់​តំបន់ ក៏ដូចជា​រូបមន្ត​ពិសេស​ខុសៗ​គ្នា​ជាច្រើន​ទៀត ព្រមទាំង​បានដាក់​តាំង​បង្ហាញ សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ បាន​ចូលរួម​ទស្សនា និង ភ្លក់​នូវរស់​ជាតិ​ដ៏​ឈ្ងុ​ញ​ឆ្ងាញ់​ពិសា នូវមាន់​អាំង​ពី​គ្រប់​តំបន់​ក្នុង​ខេត្តសៀមរាប​។​

​ឆ្លងតាម​គណៈកម្មការ​ត្រួតពិនិត្យ និង ធ្វើការ​ដាក់ពិន្ទុ ដល់​បងប្អូន​ជា​បេក្ខជន​មាន​អាជីព​អ្នក​អាំង​មាន់​លក់ មកពី​បណ្តា​ក្រុង ស្រុក​ទាំង​១២ លទ្ធផល​នៃ​ការប្រកួត​មាន់​អាំង​ឆ្ងាញ់​នៅ​ខេត្តសៀមរាប ទទួលបាន​ជ័យលាភី​លេខ​១ ទៅ​ស្រុក​បន្ទាយស្រី ,​ជ័យលាភី លេខ​២ បាន​ទៅ​ស្រុក​សូទ្រនិគម និង ជ័យលាភី​លេខ​៣ បាន​ទៅ​ក្រុង​សៀមរាប​៕​

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close