“សម្រាកសៀមរាប” សូមកោតសរសើរចំពោះបងប្អូនភ្ញៀវទេសចរ ដែលចូលរួមថែរក្សា អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ

សៀមរាប៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ គឺជាថ្ងៃទី៤ នៃកម្មវិធីសម្រាកសៀមរាប មានបងប្អូនភ្ញៀវទេសចរជាតិ និងអន្តរជាតិបាន មកលេងកម្សាន្តយ៉ាងច្រើនកុះករ ទន្ទឹមនឹងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករនេះផងដែរ ក៏មានសេវាផ្គត់ផ្គង់ម្ហូបអាហារ នំចំណីហូបចុកជាច្រើន ដែលត្រូវការប្រើប្រាស់ក្រដាសខ្ចប់ ប្រអប់ ថង់ប្លាស្ទិក តែទោះជាយ៉ាងណាបងប្អូន ភ្ញៀវទេសចរ និងក្រុមការងាររៀបចំកម្មវិធីបានទុកដាក់ កាក សំណល់ សំរាម ក្នុងធុងយ៉ាងមានរបៀបរៀបរយ ដើម្បីថែរក្សាអនាម័យល្អ បរិស្ថានរស់នៅស្អាត រក្សាបាននូវតម្លៃសង្គម វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ត្រចះត្រចង់របស់បុព្វបុរសខ្មែរយើង។ បរិស្ថានល្អ រស់នៅល្អ សុខភាពល្អ បង្ហាញពីសេចក្តីថ្លៃថ្នូរ ការអប់រំរបស់ប្រជាជននៃសង្គមជាតិមួយ។
ដូចនេះ រដ្ឋបាលខេត្ត និងគណៈកម្មការរៀបចំកម្មវិធី សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការ និងចូលរួមពីបងប្អូនទេសចរជាតិ និងអន្តរជាតិ ក្នុងការថែរក្សា អនាម័យបរិស្ថានរបស់យើង និងសូមជូនពរឲ្យដំណើរកំសាន្តរបស់បងប្អូនប្រកបដោយភាពរីករាយ និងមានសុវត្ថិភាពគ្រប់ទីកន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។