ទាស់សម្តីគ្នាក្នុងវង់ផឹកស៊ី ទាញកាំបិតចាក់គ្នា ស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ខេត្តកណ្តាល៖ យុវជន១ក្រុម ផឹកស៊ីស្រវឹងបានទាស់សម្តីគ្នា រហូតឈានដល់ យកកាំបិតចាក់គ្នា បណ្តាលឲ្យយុវជនម្នាក់ស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ។ ករណីនេះ បានបង្កឲ្យការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជិត៧យប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនដៃដល់ឈ្មោះ សឿង សំបូរ ហៅភ្លោះធំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួនបាត់)។ ចំណែកជនរងគ្រោះឈ្មោះ លី ពិសី ហៅពីរ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងថតរូប, ទាំង២នាក់ មានទីលំនៅភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ យុវជនទាំង២នាក់ បាននាំគ្នាផឹកស៊ីជុំគ្នា លុះក្រោយពុំដឹងជាមានរឿងអ្វី ក៏កើតជាទំនាស់ពាក្យសម្តីគ្នា ហើយយុវជនសង្ស័យ បានយកកាំបិតចុងស្រួចមកចាក់លើយុវជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ រួចក៏គេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះដោយសាររបួសធ្ងន់ពេក បានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានពិនិត្យ និងបានកសាងសំណុំរឿង ដើម្បីចាប់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។