សង្វៀនបញ្ជាល់មាន់នៅឃុំកក់ ស្រុកពញាក្រែក បើកដំណើរឡើងវិញ ផ្គើននឹងចំណាត់ការរដ្ឋាភិបាល

ខេត្ដត្បូងឃ្មុំ៖ សង្វៀនបញ្ជាល់មាន់មួយកន្លែងក្បែរកាស៊ីណូភូមិយើង ស្ថិតនៅចំណុចភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញ៉ាក្រែក ខេត្ដត្បូងឃ្មុំ បានបើកលេងយ៉ាងរលូនបន្ទាប់ពីសែនព្រេនសំណែនរួចរាល់។

សង្វៀនបញ្ជាល់មាន់នេះ មានខ្សែខ្នងបង្អែកគ្រាក់ៗចាំជួយអន្តរាគមន៍ ទើបបានជាម្ចាស់ទីតាំងបនល្បែងហ៊ានបើកដៃអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ស៉ីសងដាក់លុយមានដូចជា៖ “មាន់ជល់ខ្នាយដែក,អាប៉ោង, យូគី និងល្បែងស៊ីសងជាច្រើនប្រភេទទៀត” ទន្ទឹមនឹងនោះ ក៏មានការភ្នាល់ដាក់លុយក្នុង១គូរៗសម្រាប់មាន់ជល់ខ្នាយដែក រាប់លានរៀល និងរាប់ពាន់ដុល្លារទៀតផង!

បនល្បែងដ៏ធំជ្រកក្រោមស្លាក កាស៊ីណូភូមិយើងមានខ្មែរយើងចូលលេងយ៉ាងអនាធិបតេយ្យ ភ្លូកទឹកភ្លូកដី ជារៀងរាល់ថ្ងៃ ផងដែរ។ ធ្វើអោយមហាជនគ្រប់មជ្ឈដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនោះផ្ទាល់ កំពុងនាំគ្នាមានចម្ងល់យ៉ាងខ្លាំងទៅលើលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ម្ដេចបានជាមិនបង្ក្រាប។

ប្រជាពលរដ្ឋសូមអំពាវនាវ ដល់ប្រមុខថ្នាក់នាំសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ធមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល មេត្ដាបញ្ជាថ្នាក់ក្រោមឲ្យមានចំណាត់ការបង្ក្រាបល្បែងស៊ីសងនៅលើទឹកដីខេត្តត្បូងឃ្មុំនេះផងដើម្បីភូមិ ឃុំមានសុវត្តិភាព និងភាពកក់ក្តៅប្រជាពលរដ្ធនៅក្នុងមូលដ្ធាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close