ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ឃាតកម្ម​គិតទុក​ជាមុន ដោយសារ​រឿង​ជេរ​ម៉ែ

​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិតទុក​ជាមុន កាលពី​ល្ងាច ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ រឿង​គំនុំ​ជេរ​ម៉ែ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ថៃ រ៉េត ហៅ​គុន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ ស្នាក់​ភូមិ​ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជាប់ចោទ​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​។

​លោក​បាន​បន្តថា ករណី​ឃាត​កម្មនេះ បាន​ប្រព្រឹត្តឡើង កាលពី​យប់​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២០ នៅ​ភូមិ​ឫទ្ធី​២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ទូច ចក់ អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​ដូចគ្នា​។

​ជនសង្ស័យ​បាន​សារភាពថា ដោយសារ​ខ្លួន​ខឹង​ជនរងគ្រោះ​ជេរ​ម៉ែ​ជា​យូ​មកហើយ រហូត​នៅ​ថ្ងៃទី​១៥ សីហា ទើប​ខ្លួន​បាន​ផឹកស៊ី​ជាមួយ​ជនរងគ្រោះ បន្ទាប់មក​បាន​ដើរ​តាម​ពីក្រោយ​ជនរងគ្រោះ យកដៃ​គ្រៀ​កក​ជនរងគ្រោះ​ពីក្រោយ​ជាប់ ហើយ​យក​ខ្សែក្រវ៉ាត់​រឹត​ក​ជនរងគ្រោះ​រហូត​ដល់​ស្លាប់​តែម្ដង​។​

​បច្ចុប្បន្ន​សង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close