រដ្ឋបាល​ខេត្តសៀមរាប អំណរគុណ​ដល់​ក្រុមការងារ រៀបចំ​កម្មវិធី “​សម្រាក​សៀមរាប​” ដែល​បញ្ចប់​ដោយ​រលូន​

​ខេត្តសៀមរាប​៖ កម្មវិធី​សម្រាក​សៀមរាប ដែល​បានរៀបចំ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ក្រោម​ការផ្ដួចផ្ដើម​រប​ស់​រដ្ឋបាលខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ការចូលរួម​របស់​កាក​បាទ​ក្រហម​កម្ពុជា និង​អាជ្ញាធរ​អប្សរា បានបញ្ចប់​ទៅតាម​ផែនការ​គ្រោងទុក នឹង​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​រហូតដល់​ជាង ២០​ម៉ឺន​នាក់​។​

​ជាមួយនឹង​សមិទ្ធផល​នេះ យើង​មិន​ភ្លេច​នូវ​ការខិតខំ​ប្រឹងប្រែង មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ សហគ្រិន​វ័យក្មេង​ប្រចាំខេត្ត​សៀមរាប សមាគម​ចុងភៅ សិល្បករ​សិល្បការិនី​ពិសេស​គ្រួសារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បាន​ខិតខំ​អស់​កម្លាំងកាយ​ចិត្ត​ចូលរួម ធ្វើ​ឲ្យ​កម្មវិធី​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ការគាំទ្រ​។​

​ពិតណាស់​កម្មវិធី​នេះ ក៏បាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​ទៅតាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល លើ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជា​សារ​អប់រំ​មួយ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​នូវ​វិធានការ​ការពារ​ជំងឺ​នេះ​ផងដែរ​។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏​សូម​អរគុណ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អាជីវករ​ក្នុង​ខេត្តសៀមរាប​ទាំងអស់ មគ្គុទ្ទេសក៍​ទេសចរណ៍ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់ ដើម្បី​បង្ហាញថា​សៀមរាប​គ្មាន​ជំងឺ​កូ​វីដ​១៩ សៀមរាប​ជា​តំបន់​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព ប្រកបដោយ​ភាព​ទាក់ទាញ រួសរាយ​រាក់ទាក់​។

​រដ្ឋបាលខេត្ត ក៏​នឹង​បន្តសកម្មភាព​នេះ ក៏ដូចជា​ការ បង្កើត​នូវ​កម្មវិធី​នានា​បន្ថែមទៀត ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន​ក្នុង​ខេត្ត​ដូចជា​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងមូល ក្នុងន័យ​បង្កើន​សកម្មភាព​សេដ្ឋកិច្ច ប្រាក់ចំណូល និង​ជីវភាព​ប្រជាជន​ក្នុង​ខេត្ត​កាន់តែ​ប្រសើរឡើង ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។​

​ជាមួយគ្នានេះ​រដ្ឋបាលខេត្ត​សៀមរាប សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី បាន​ចំណាយ​ពេលវេលា​មក​ចូលរួម​កំសាន្ត​ក្នុង​កម្មវិធី​នេះ ដែលជា​ការលើកទឹកចិត្ត​ដល់​ក្រុមការងារ និង​អនុវត្តតាម​គោលការណ៍​នានា ដែល​ក្រុមការងារ​បានរៀបចំ​អនុវត្តតាម​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩៕

​ប្រភពពី​៖ រដ្ឋបាល​ខេត្តសៀមរាប​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close