កងរាជអាវុធហត្ថ ៧៣នាក់ទៀត នឹងទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅប្រទេសស៊ូដង់ខាងត្បូង

កំពង់ស្ពឺ៖ កម្ពុជា ត្រៀមបញ្ជូនកងអនុសេនាធំកងរាជអាវុធហត្ថលេខ១៨៦ ចំនួន ៧៣នាក់ទៀត ទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅប្រទេសស៊ូដង់ខាងត្បូង ឆាប់ៗនេះ។ នេះបើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធីចុះជួបសំណេះសំណាលកងអនុសេនាធំកងរាជអាវុធហត្ថលេខ១៨៦ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០នេះ នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម នៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សម្តេច បញ្ជាក់ទៀតថា កម្ពុជា បានត្រៀមកម្លាំងចំនួន ៧៣នាក់ ដែលជាកម្លាំងកងរាជអាវុធហត្ថ ដោយត្រៀមគ្រប់លក្ខណៈសម្បត្តិទាំងអស់ ទាំងមធ្យោបាយ និងតាមនិយាមរបស់អង្គការសហប្រជាជាតិ គឺដល់ពេលវេលាកម្លាំងហ្នឹង ត្រូវប្តូរគឺយើងនឹងបំពេញការងារ ប្រហែលខែក្រោយ យើងកំពុងពិនិត្យមើល។ សម្រាប់កងកម្លាំងទ័ពខៀវកម្ពុជាទាំងអស់ ដែលត្រូវទៅបំពេញបេសកកម្មរក្សាសន្តិភាព គឺត្រូវតែអនុវត្តតាមវិធានសុខាភិបាល ក៏ដូចជាការតាមការណែនាំរបស់អង្គការសហប្រជាជាតិ ដែលបានកំណត់ ដើម្បីការពារទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា មានកងទ័ពមួកខៀវចំនួន៥ កងកម្លាំងធំៗ និងមានកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ៦៧៨នាក់ ក្នុងនារីជិត ៨០នាក់ បាននិងកំពុងបំពេញបេសកកម្មរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ ប្រទេសម៉ាលី, ប្រទេសស៊ូដង់ខាងត្បូង, ប្រទេសអាហ្វ្រិកកណ្ដាល និងប្រទេសលីបង់ជាដើម ខណៈស្ថានភាពវិបត្តិជំងឺកូវីដ-១៩ នៅតាមបណ្តាប្រទេសទាំង៤ នោះកំពុងតែរីករាលដាលផងដែរ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។