ខេត្តសៀមរាប នៅតែជាខេត្តគោលដៅទេសចរណ៍ធំជាងគេនៅកម្ពុជា

ខេត្តសៀមរាប៖ តាមរបាយការណ៍ផ្លូវការរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនាក្នុងខេត្តសៀមរាប មានចំនួនសរុប ២១៤.០៤៧នាក់ គឺឈរនៅលំដាប់ទី១ ក្នុងចំណោមរាជធានី-ខេត្ត ទាំង២៥ ខណៈខេត្តកំពត ឈរនៅលំដាប់ទី២ មានចំនួនសរុប ១៨០.៧៥៤នាក់ ដូច្នេះតាមរយៈនៃចំនួនភ្ញៀវទេសចរណ៍នេះ បានបង្ហាញឲ្យឃើញថា ខេត្តសៀមរាប នៅតែជាខេត្តគោលដៅទេសចរណ៍ធំជាងគេនៅកម្ពុជា។

បើតាមមន្ត្រីសាលាខេត្តសៀមរាប បានឲ្យដឹងថា ថ្វីត្បិតតែខេត្តសៀមរាប ជាខេត្តគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង ធម្មជាតិ ធំជាងគេនៅកម្ពុជា ដោយមានប្រាង្គប្រាសាទរាប់ពាន់កន្លែង ដែលបុព្វបុរសខ្មែរបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន ក្នុងនោះប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្ដម ទៀ សីហា ជាអភិបាលខេត្ត តែងតែរិះរកគ្រប់វិធីសាស្ត្រក្នុងគោលដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ឲ្យចូលមកទស្សនាក្នុងខេត្តកាន់តែច្រើន និង ស្នាក់នៅរយៈពេលយូរ ដូចជាការរៀបចំ និង កែលម្អបណ្ដាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ , សណ្ដាប់ធ្នាប់សាធារណៈ , អនាម័យ , បរិស្ថាន , សួនកម្សាន្ដ ។ល។ ជាពិសេសឯកឧត្ដមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុងស្រុកទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំកែលម្អឡើងវិញនូវតំបន់រមណីយដ្ឋានធម្មជាតិដែលមានស្រាប់ក្នុងមូលដ្ឋាន និង រៀបចំនូវរមណីយដ្ឋានកែច្នៃតាមលទ្ធភាពដែលអាចធ្វើទៅបាន រួមទាំងមុខម្ហូបអាហារប្រចាំស្រុកនីមួយៗផងដែរ ។

បើតាមប្រសាសន៍របស់ភ្ញៀវទេសចរណ៍មកពីរាជធានីភ្នំពេញ និងមកពីតាមបណ្ដាខេត្ដផ្សេងៗទៀត ជាមួយអ្នកយកព័ត៌មាននៃមន្ទីរព័ត៌មានខេត្តសៀមរាប ពួកគាត់បានលើកឡើងដូចៗគ្នាថា ការរៀបចំកន្លែងកម្សាន្ដផ្សេងៗនៅខេត្ដសៀមរាប មានប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរទៅកម្សាន្ដយ៉ាងច្រើកុះករ ជាពិសេសការរៀបចំការទប់ស្កាត់ការពារនិងទប់ជំងឺកូវីដ១៩ នៅកន្លែងកម្សាន្ដនោះ បានល្អប្រសើរ មានការតុបតែងភ្លើងចម្រុះពណ៌នៅតាមដងផ្លូវនានាក្នុងក្រុងសៀមរាប, ការរៀបចំឲ្យមានការតាំងពិព័រណ៌ផលិតផល ការរៀបចំទូកកម្សាន្តនៅតាមដឹងស្ទឹងសៀមរាប, តាមដងផ្លូវនានាមានសណ្ដាប់ធ្នាប់ល្អ, បរិស្ថានស្អាតនិងមានអនាម័យល្អ សំខាន់ការៀបចំជាកញ្ចប់ទេសចរណ៍នេះ បានផ្ដល់សារៈសំខាន់យ៉ាងច្រើនដល់ប្រជាពលរដ្ឋ តាមរយៈការលក់ចំណីអាហារ និងទំនិញជាដើម។

គួររំលឹកថា ក្នុងថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និង អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីកម្សាន្ដៗជាច្រើន ដូចជាការតាំងពិព័រណ៍បន្លែផ្លែឈើ និងកសិផលផ្សេងៗ នៃផលិតផលរបស់ក្រុង-ស្រុកទាំង១២, កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំងឆ្ងាញ់ជាងគេនៅខេត្តសៀមរាប, កម្មវិធីផ្សារទឹក, កម្មវិធីជិះទូកកម្សាន្ដ, កម្មវិធីកម្សាន្ដក្នុងតំបន់ផាប់ស្ទ្រីត, ការជិះកង់កម្សាន្ដ, កម្មវិធីដើរព្រៃ នៅតំបន់រមណីយដ្ឋានធម្មជាតិចង្ក្រានរយនិងនៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន និង ផ្ទាំងទស្សនីយភាពសិល្បៈ ព្រមទាំងមានកម្មវិធីកម្សាន្ដផ្សេងៗជាច្រើនទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។