WHO ថា បច្ចុប្បន្ន​ប្រទេស​១៧២ កំពុង​ចូលរួម​ក្នុង​កម្មវិធី​វ៉ាក់សាំង​កូ​វីដ​១៩

​បរទេស​៖ បច្ចុប្បន្ន​មាន​ប្រទេស​ចំនួន​១៧២ កំពុង​ចូលរួម​ក្នុង​កម្មវិធី COVAX ដែល​ត្រូវបាន​បង្កើតឡើង​សំដៅ​ព​ន្លឿ​ន​ការអភិវឌ្ឍ និង ធានា​សមភាព​នៃ​ការទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ នេះ​បើតាម​ការបញ្ជាក់​របស់​អង្គការ​សុខភាព​ពិភពលោក WHO ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០​។​

COVAX គឺជា​កម្មវិធី​ហិរញ្ញវត្ថុ​មួយ ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO និង​អង្គការ​សម្ព័ន្ធ​វ៉ាក់សាំង GAVI ហើយ​កម្មវិធី​នេះដែរ មាន​គោលបំណង​សម្រេច​ឲ្យ​បាន​នូវ​វ៉ាក់សាំង COVID-19 ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ចំនួន​២​ពាន់​លាន​ដូ​ស​នៅត្រឹម​ចុងឆ្នាំ​២០២១​។​

​ទន្ទឹមគ្នា អង្គការ​សុខភាព​ពិភពលោក WHO បានឱ្យដឹងថា ខ្លួន​នៅ​ត្រូវការ​ថវិកា​បន្ថែមទៀត​ជាបន្ទាន់ ដើម្បី​ដំណើរការ​កម្មវិធី​នេះ​បាន​ដោយ​រលូន និង​កាន់តែ​ឆាប់​។ កាលពី​ខែមិថុនា GAVI ប្រមូលបាន​ថវិកា​៥៦៧​លាន​ដុល្លារ ពី​ម្ចាស់ជំនួយ​អន្តរជាតិ ហើយ​មានបំណង​ប្រមូល​ឱ្យបាន​២​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង តាមរយៈ​ការ​កម្មវិធី COVAX ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close