ក្រសួងសាធារណការ ណែនាំស្តីពីការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះ ដែលមានទម្ងន់លើសពី៣.៥តោន

ភ្នំពេញ៖ ក្នុងគោលបំណងចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ពាក់ព័ន្ធនឹងយានជំនិះធុនធ្ងន់ និងយោងតាមបទដ្ឋានបច្ចេកទេស ស្តីពីបទដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ បានសេចក្តីណែនាំដល់ម្ចាស់យានជំនិះធុនធ្ងន់គ្រប់ប្រភេទ ត្រូវធ្វើការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់របស់ខ្លួនឱ្យបានត្រឹមត្រូវ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមធ្វើការណែនាំអំពីការបិទស្លាកសញ្ញាចាំងពន្លឺលើ រថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី៣.៥តោន ដូចខាងក្រោម៖
ទី១. ស្លាកសញ្ញាចាំងពន្លឺបិទនៅលើយានជំនិះត្រូវមានពីរពណ៌ «ក្រហម» និង «លឿង» ដែលមានទទឹងមិនតិចជាង៥០មីលីម៉ែត្រ និងកម្រិតចាំងពន្លឺស្របតាមបទដ្ឋាន បច្ចេកទេស VC104+។
ទី២. ស្លាកសញ្ញាចាំងពន្លឺ «ពណ៌លឿង» ត្រូវបិទនៅផ្នែកសងខាងតាមបណ្ដោយយានជំនិះ ដែលមានប្រវែងមិនតិចជាង៨០% នៃប្រវែងបណ្តោយរបស់យានជំនិះ និងបិទនៅគែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង៤០០មីលីម៉ែត្រពីគែម និងមានប្រវែងមិនតិចជាង២៥០មីលីម៉ែត្រ។
ទី៣. ស្លាកសញ្ញាចាំងពន្លឺ «ពណ៌ក្រហម» ត្រូវបិទនៅផ្នែកខាងក្រោយតាមទទឹងយានជំនិះ និងបិទនៅតែមខ្ពស់បំផុតតាមទម្រង់យាន ប៉ុន្តែមិនតិចជាង ៤០០មីលីម៉ែត្រ ពីគែម។
ទី៤. ករណីរថយន្តដឹកទំនិញធុនធ្ងន់ យានយន្តុបករណ៍ រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣.៥តោន មកទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងមិនមានបិទស្លាកសញ្ញាចាំងពន្លឺ ឬបិទស្លាកសញ្ញាចាំងពន្លឺ មិនស្របតាមបទដ្ឋានបច្ចេកទេសខាងលើ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមខ្លឹមសារប្រកាសលេខ១៧០ ប្រក.សក.ដជគ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងណែនាំដល់ម្ចាស់យានជំនិះនោះឱ្យបិទស្លាកសញ្ញាទាំងពន្លឺ បានត្រឹមត្រូវ ដូចមានក្នុងគំនូរអធិប្បាយណែនាំ អំពីការបិទស្លាកសញ្ញាចាំងពន្លឺលើយានជំនិះធុនធ្ងន់ ដែលភ្ជាប់ជាមួយ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។