កសិករនៅភូមិសន្លុង ខេត្តពោធិ៍សាត់ ជោគជ័យលើដំណាំស្ពៃក្រញ៉ាញ់

ខេត្តពោធិ៍សាត់៖ បើតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ប្រជាកសិករឈ្មោះ តាន់ សេងលី បានដាំស្ពៃក្រញ៉ាញ់ លើផ្ទៃដី៦អា ដោយត្រូវចំណាយផលិតកម្មដូចជា៖ ការរៀបចំដី, គ្រាប់ពូជ, ជីទ្រាប់បាត, ទុយោទឹកស្រោចស្រព, ការវេចខ្ចប់ និងការចំណាយផ្សេងៗ អស់ថវិកាសរុបចំនួន ៣៨៥ ០០០រៀល ក្នុងការដាំដំណាំមួយវគ្គៗ។

លោកបានបន្ថែមថា ដំណាំស្ពៃក្រញ៉ាញ់ ដាំរយៈពេលតែ៣៥ ទៅ៤០ថ្ងៃ ប៉ុណ្ណោះអាចទទួលបានផលបណ្តើរៗ និងទទួលបានទិន្នផលសរុប ១ ៤៤០គ.ក្រ លក់ក្នុងតម្លៃ ២ ៥០០រៀល/គ.ក្រ ជាលក្ខណៈបោះដុំ ប្រសិនបើតម្លៃនៅទីផ្សារតម្លៃ ៣ ០០០រៀល/គ.ក្រ។ ចំណែកផលចំណេញបានចំនួន ៣ ២១៥ ០០០រៀល ក្នុងពេលដាំមួយវគ្គ។ ក្រៅពីនេះ គាត់មានដាំដំណាំបន្ថែម និងកំពុងនៅដំណាក់កាលថែទាំមិនទាន់បានប្រមូលផល ដូចជា ខាត់ណាដើម ចំនួនផ្ទៃដី៤អា ដំណាំត្រឡាចចំនួនផ្ទៃដី ៣អា,ដំណាំ សាលាដ ចំនួនផ្ទៃដី ៣អា និងត្រកួន ផ្ទៃដី២អាផងដែរ។

តាមការសាកសួររបស់ក្រុមមន្ត្រី បានលើកថា កសិកររូបនេះ និងខិតខំ ពង្រីកការដាំបន្លែបន្ថែម ព្រោះការដាំ បន្លែអាចជួយរកចំណូលចូលគ្រួសារបានច្រើន ដើម្បីដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃសម្រាប់ជីវិតជាកសិករប្រកបរបរកសិកម្ម ប្រសើរជាជាង ធ្វើចំណាកស្រុក ដែលនាំអោយ មានផលលំបាកច្រើន ជួនកាលមិនសមប្រកបមិនអាចមានថវិកាត្រលប់មកផ្ទះវិញ ផង ម្យ៉ាងទៀតប្រទេសលើសកលលោក កំពុងជួបវិបតិ្តការរីក រាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យប្រទេសជិតខាងបិទច្រកព្រំដែន និងរក្សាភាពប្រុងប្រយ័ត្ន មិនអាចឱ្យប្រជាជនចូលទៅធ្វើការក្រៅប្រទេសបាន។
ទន្ទឹមនឹងនេះក្រុមបច្ចេកទេសបាននិងកំពុងបំផុសឱ្យកសិករជំរុញ ការដំបន្លែដែលមានរយៈពេលខ្លី បន្ថែមទៀត ដើម្បីអាចជួយបង្កើនផលិតកម្មស្បៀង និងប្រាក់ចំណូលក្នុងគ្រួសារ បានច្រើនក្នុងពេលនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។