គម្រោង​ថ្មី​ចំនួន​៥​ទៀត បោះទុន ៥៨​លាន​ដុល្លារ វិនិយោគ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​វិនិយោគ​ថ្មី​ចំនួន ៥​ទៀត បើក​ដំណើរការ​នៅ​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​សរុប ៥៨​លាន​ដុល្លារ និង​បានផ្តល់​ការ​ជាច្រើន​ពាន់​កន្លែង ដល់​ពលរដ្ឋ​កម្ពុជា​។

​យោងតាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១-“TOKYO HAPPY ICE CREAM CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ការ៉េម ដែលមាន​ទីតាំង វិនិយោគ​ស្ថិតនៅ​ភូមិ​វត្តភ្នំ ឃុំ​ភ្នំ​តូច ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,១​លាន​ដុល្លារ អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៥៦​កន្លែង​។​

២-“ RONG XING PAPER INDUSTRIAL CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១១៧​កន្លែង​។​

៣-“K&K PIPE (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយោ​ទឹក​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ​១៣០ ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៣១​កន្លែង​។​

៤-“RAY POWER SUPPLY CO., LTD” គម្រោង​បង្កើត​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ឫស្សី​ខាង​និង​ភូមិ​សំរោង​ធំ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មាន​ទុនវិនិយោគ​ប្រមាណ ៣៩,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០​កន្លែង​។​

​ដោយឡែក តាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​វ៉ែនតា និង​ប្រអប់​វ៉ែនតា របស់​ក្រុមហ៊ុន CAM-ICARE CO., LTD. គណ​:​ក​ម្មា​ធិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ មាន​ទុនវិនិយោគ​ចំនួន ៥,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨០​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close