សិស្សជាង ១២០០០នាក់ នៅក្រុងដាណាង នឹងធ្វើតេស្តកូវីដ១៩ មុនចូលប្រឡងបាកឌុប

វៀតណាម៖ អាជ្ញាធរក្នុងក្រុងដាណាង នៃប្រទេសវៀតណាម បានប្រកាសថា បេក្ខជនប្រឡងបាក់ឌុបជាង ១២០០០នាក់ នឹងត្រូវធ្វើតេស្តរកជំងឺកូវីដ១៩ជាមុនសិន មុននឹងចូលប្រឡងបាក់ឌុប នាសប្តាហ៍ក្រោយ នេះបើតាមចុះផ្សាយរបស់សារព័ត៌មាន Vietnam Express នាថ្ងៃទី២៤ សីហានេះ។

អាជ្ញាធរក្រុងដាណាង ទទួលបានការអនុញ្ញាតឲ្យមានការប្រឡងបាក់ឌុប ឬបញ្ចប់ថ្នាក់ទី១២ ពីក្រសួងអប់រំហើយ សម្រាប់ការប្រឡងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ដល់ ៥ កញ្ញា នាពេលខាងមុខ។ កាលពីថ្ងៃទី៩ ដល់១០ សីហា កន្លងទៅ សិស្សបាក់ឌុបជាង៨៧០០០០នាក់ប្រឡងរួចរាល់ហើយ ប៉ុន្តែជាសិស្សមកពីតំបន់ផ្សេងៗ មិនមែននៅក្នុងក្រុងដាណាងទេ ហើយការប្រឡងមានការអនុវត្តតាមវិធានការសុខាភិបាលទប់ស្កាត់កូវីដ១៩ ដូចជាគម្លាតសង្គមជាដើម។
គួរបញ្ជាក់ថា វៀតណាមមានកូវីដ១៩សរុប ១០២២នាក់ គិតត្រឹមល្ងាចថ្ងៃទី២៤ សីហា ពោលគឺបន្ទាប់ពីឆ្លងក្នុងសហគមន៍ ៦នាក់ថ្មីទៀត។ វៀតណាមមានស្លាប់២៧នាក់ហើយ ប៉ុន្តែក្នុងចំណោមជាង១ពាន់នាក់ នៅសល់អ្នកជំងឺ៤០៦នាក់កំពុងសម្រាកព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។