រដ្ឋាភិបាលថៃ អនុម័តបន្តច្បាប់គ្រាមានអាសន្នដល់ថ្ងៃទី៣០ខែកញ្ញា

បើទោះបីមិនមានករណីឆ្លងកូវីដ១៩កើនឡើងខ្ពស់ក្តីតែរដ្ឋាភិបាលថៃបានសម្រេចបន្តច្បាប់គ្រាមានអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ យ៉ាងមានប្រសិទ្ធភាពបំផុត។
នៅថ្ងៃទី២៥ខែសីហា គណរដ្ឋមន្ត្រីថៃ បានអនុម័ត ពន្យាការងនុវត្តច្បាប់គ្រាមានអាសន្នបន្ថែម១ខែទៀត រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ល្អបំផុត។ ការពន្យាពេលបន្តអនុវត្តច្បាប់គ្រាអាសន្ន ជាលើកទី៥ហើយនៅក្នុងប្រទេសថៃ ចាប់តាំងពីច្បាប់នេះត្រូវបានអនុម័តកាលពីខែមីនា ឆ្នាំ២០២០។ លោកAnucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានឲ្យដឹងថា ការសម្រេចខាងលើរបស់រដ្ឋាភិបាលគឺបំពេញទៅតាមសំណើររបស់ មជ្ឈមណ្ឌលគ្រប់គ្រង ជំងឺឆ្លង កូវីដ១៩ (CCSA) ដើម្បីទប់ស្កាត់ស្ថានភាពឆ្លងរាលដាលកាន់តែខ្លាំងឡើង។
កន្លងមកគណៈកម្មការសន្តិសុខជាតិ(NSC)បានយលព្រម ពន្យាពេលមួយខែទៀតសម្រាប់ការអនុវត្តច្បាប់គ្រាអាសន្ន ប៉ុន្តែច្បាប់នេះមិនសំដៅទៅលើក្រុមបាតុកម្ម ពាក់ព័ន្ធនយោបាយនោះឡើយ។ អំពីស្ថានភាពជំងឺឆ្លង គិតដល់ថ្ងៃទី២៥ខែសីហា ថៃរកឃើញករណីឆ្លងកូវីដ១៩ថ្មីតែ៥នាក់ប៉ុណ្ណោះ ជាពលរដ្ឋថៃវិលត្រឡប់មកពីក្រៅប្រទេស ហើយបាននៅដាច់ដោយឡែក មិនមែនករណីឆ្លងក្នុងសហគមន៍ឡើយ។ សរុបមកទល់ពេលនេះថៃមានករណីឆ្លង ៣៤០២នាក់និងស្លាប់៥៨នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។