ក្រុម​ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ ចែក​បទពិសោធន៍​គ្នា ក្នុងការ​ស្ដារ​វិស័យ​ទេសចរណ៍

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២០ ក្រុម​ប្រទេស​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ រួមមាន​៖ ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម បាន​បើក​កិច្ចប្រជុំ «The 1st Destination Mekong Summit» តាមរយៈ​ប្រព័ន្ធ​វីដេអូ​ខន់​ហ្វឺ​រិ​ន ក្នុង​គោលបំណង​រួម គឺ​ធ្វើយ៉ាងណា​ត្រូវ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ឱ្យបាន នា​កំលុងពេល និង​ក្រោយពេល​វិបត្តិ​កូ​វីដ​។​

​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​លើក​បង្ហាញថា នៅ​ចំពោះ​ការតស៊ូ​ប្រយុទ្ធប្រឆាំង​ជាមួយ​បិសាច​កំណាច​កូ​វីដ​នេះ ប្រទេស​កម្ពុជា​មិនបាន​នៅ​ស្ងៀម​នោះឡើយ ដោយ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រោម​ការគាំទ្រ​ពី​សំណាក់​អង្គការ​សុខភាព​ពិភពលោក​ផង​នោះ បានដាក់​ចេញ​នូវ​វិធានការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​យ៉ាង​សស្រាក់សស្រាំ និង​មានការ​យកចិត្តទុកដាក់​ជាទីបំផុត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង ស្ថាប័ន អង្គភាព​នានា ព្រមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​សកល​នេះ ក្នុងនោះ​ក្រសួងទេសចរណ៍​ក៏​តែង​ចេញ​ធ្វើ​សកម្មភាព​ជាប់​ជាប្រចាំ​នៅតាម​ដែន​សមត្ថកិច្ច​របស់ខ្លួន លើ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​នៅតាម​តំបន់​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ម្ហូបអាហារ អាជីវកម្ម​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវគោក និង​ផ្លូវទឹក​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​បង្ហើប​ឱ្យដឹងថា ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឱ្យមាន​កា​រ​ឈប់សម្រាក​រយៈពេល​៥​ថ្ងៃ ដើម្បី​សង​ថ្ងៃ​ឈប់សម្រាក​កាលពី​កំលុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​កន្លងទៅ ដោយ​កំលុងពេល​៥​ថ្ងៃនេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ប្រមាណ ១.៤​លាន​នាក់​។ អ្វីដែល​ឱ្យ​រីករាយ​នោះ គឺ​គ្មាន​រកឃើញថា​មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ លើ​ប្រជាពលរដ្ឋ ឬ​ភ្ញៀវទេសចរ​ណា​ម្នាក់​នោះឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close