ក្រសួងបរិស្ថាន បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​

​ក្រសួងបរិស្ថាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការផ្តល់​បច្ចេកទេស​អនុវត្ត​មុខងារ​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ នៅ​សាលាខេត្ត​កំពង់ធំ ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។ វគ្គ​បណ្តុះបណ្តាល​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ផ្តល់​ការគាំទ្រ​បច្ចេកទេស គោលការណ៍​ណែនាំ ការធ្វើ​បទ​អន្តរាគមន៍ និង​ការអភិវឌ្ឍ​សមត្ថភាព​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។

​ក្នុងឱកាស​នោះ ឯកឧត្តម សាយ សំ​អាល់ បាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់ អ្នកពាក់ព័ន្ធ ជាពិសេស​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដែល​បាន​ចូលរួម​អនុវត្ត​មុខងារ​គ្រប់គ្រង​វិស័យ​បរិស្ថាន​នាពេល​កន្លងមក​តាម​មូលដ្ឋាន​បានល្អ​ប្រសើរ​។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានបង្ហាញ​ពី​ការគាំទ្រ និង​អភិវឌ្ឍ​សមត្ថភាព តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​លើកទឹកចិត្ត​បន្ថែមទៀត​ដល់​ការចូលរួម​អនុវត្ត​មុខងារ​គ្រប់គ្រង​បរិស្ថាន​នៅ​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ការគ្រប់គ្រង​សំរាម សំណល់​រឹង​សំរាម​ទីប្រជុំជន និង​ការអភិរក្ស​ជីវៈចម្រុះ​ឱ្យមាន​ប្រសិទ្ធភាព​។​

​សូមបញ្ជាក់ថា ក្នុង​គោលដៅ​ពង្រឹង​កិច្ចដំណើរការ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន​បាន​ផ្ទេរ​មុខងារ​សំខាន់ៗ​ចំនួន​៥​ជូន​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ រួមមាន​៖ ការគ្រប់គ្រង​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ការគ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ ការងារ​គាំពារ​បរិស្ថាន ការងារ​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន និង​ការងារ​អភិវឌ្ឍន៍​ដោយ​ចីរភាព​។ វេទិកា​នៅថ្ងៃនេះ​ចាប់ផ្តើម​មាន​លក្ខណៈ​តំបន់ ដែលមាន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ មាន​ចំនួន​៣​ខេត្ត រួមមាន​ខេត្តកំពង់ចាម ខេត្តកំពង់ធំ និង​ខេត្តសៀមរាប ចូលរួម​ធ្វើការ​ពិភាក្សា​អំពី​ស្ថានភាព​ពិត ដោះស្រាយ​បញ្ហា​ជាក់ស្តែង និង​យកទៅអនុវត្ត​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ចំ​គោលដៅ តាមរយៈ​ការប្រគល់​មុខងារ​ទាំងអស់ ជាពិសេស​ការគ្រប់គ្រង​សំរាម សំណល់​ទីប្រជុំជន​ឱ្យបាន​ស្អាត​៕
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close