អាជីវករ​លក់ដូរ នៅមុខ​ប្រាសាទអង្គរវត្ត បន្ត​ការរុះរើ​តូប​លក់ដូរ​របស់ខ្លួន ប្តូរ​ទៅ​នៅ​កន្លែង​ថ្មី​

​ខេត្តសៀមរាប​៖ អាជីវករ​លក់ដូរ​ស​ម្លៀ​ក​បំពាក់ វត្ថុ​អនុស្សាវរីយ៍ ម្ហូបអាហារ​នៅ​ជុំវិញ​ត្រពាំង​សេស បាននាំគ្នា​រុះរើ​តូប​លក់ដូរ​របស់ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​ត្រៀម​ទៅកាន់​កន្លែង​ថ្មី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ផ្តល់ឱ្យ​។​

​អ្នកស្រី ស៊ា​ង ស៊​ត់ អាជីវករ​លក់​បាយ មាន់​អាំង និង​ម្ហូប​កុម្ម៉ង់ តាំងពី​ឆ្នាំ​១៩៩១ បាន​លើកឡើងថា កន្លែង​នេះ​ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អៗ​ជាច្រើន​ជាមួយ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ដែល​មក​ពិសារ​អាហារ​នៅទីនេះ​។ ទីនេះ​ក៏បាន​ផ្តល់នូវ​ភាព​ធូរធារ​ដល់​ជីវភាព​គ្រួសារ​ខ្ញុំ ចិញ្ចឹម​កូនៗ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​។ ថ្ងៃនេះ​ខ្ញុំ​រីករាយ​ក្នុងការ​រុះរើ​សំណង់​ទាំងនេះ​ដោយ​ស្ម័គ្រចិត្ត ព្រោះ​អាជ្ញាធរ​ជាតិ​អប្សរា​បានផ្តល់​ទីតាំង​ថ្មី​សម្រាប់​ខ្ញុំ​លក់ដូរ​បន្ត ដែល​ថ្មី ស្អាត ហើយ​មាន​អនាម័យ​ជាង​កន្លែងចាស់​។ អ្នកស្រី ស៊​ត់ ក៏បាន​គាំទ្រ​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​រៀបចំ​បរិវេណ​ជុំវិញ​ត្រពាំង​សេស​ឱ្យ​ស្អាត​ដើម្បី​អង្គរ​មាន​សណ្តាប់ធ្នាប់ មាន​ភាព​បៃតង ឱ្យ​ភ្ញៀវទេសចរ​មកលេង​កាន់តែច្រើន លក់ដូរ​ក៏​កាន់តែ​ដាច់​។​

​អ្នកស្រី មាស សា​គុណ ម្ចាស់​តូប​ចំនួន​៤​ខ្នង លក់​វត្ថុ​អនុស្សាវរីយ៍​បោះ​ដុំ​និង​រាយ​នៅ​ខាងកើត​ត្រពាំង​សេស បាន​ចាប់​ប្រកប​របរ​នេះ​តាំងពី​ឆ្នាំ​៩០​ជាង​នោះ ក៏​ពុំបាន​ជំទាស់​នឹង​វិធានការ​អភិវឌ្ឍ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ឡើយ ព្រោះ​អ្នកស្រី​ដឹងថា ទីនេះ​ជា​ដី​កម្មសិទ្ធិ​របស់​រដ្ឋ រដ្ឋ​យក​វិញ​ពេលណា​ក៏​នឹង​ព្រម​ប្រគល់ជូន​ដោយ​ស្ម័គ្រចិត្ត​ដូចជា​ការរុះរើ​នៅថ្ងៃនេះ​ស្រាប់​។ ដំបូង​ឡើយ អ្នកស្រី​ក៏មាន​ការបារម្ភ​ណាស់ដែរ តែ​លុះ​បានទទួល​ព័ត៌មាន​ពី​អាជ្ញាធរ​ជាតិ​អប្សរា បានឃើញ​កន្លែង​លក់ដូរ​ថ្មី​ក៏មាន​ចិត្ត​សប្បាយរីករាយ​ទទួលយក ព្រោះ​គ្រប់គ្នា​ត្រូវតែ​រុះរើ​ចេញពី​ទីតាំង​ត្រពាំង​សេស​នេះ​ដូចគ្នា​ទាំងអស់​។​

​ក្នុង​ស្មារតី​ស្រឡាញ់​អង្គរ ហើយក៏​ជា​អ្នកទទួលបាន​ផល​យ៉ាងច្រើន​ពី​អង្គរ លោក យ៉ាង សុភាព ជា​អ្នកលក់​ម្ហូបអាហារ​បាន​ប្រាប់​ពី​អារម្មណ៍​ថា ចំពោះ​វិធានការ​របស់​រដ្ឋ ខ្ញុំ​ក៏​តែងតែ​គាំទ្រ ពិសេស​ការរុះរើ​នេះ គឺ​រដ្ឋ​បានផ្តល់​សំណង​ឱ្យ ហើយ​រដ្ឋ​អនុវត្ត​ការងារ​នេះ​ស្មើភាព​គ្នា ដូច្នេះ​ខ្ញុំ​គ្មាន​អ្វីដែល​ជំទាស់​ទេ​។ យូរហើយ​ដែល​យើងខ្ញុំ​បាន​អាស្រ័យ​ផល​នឹង​អង្គរ ហើយក៏​ដល់ពេល​ដែល​ត្រូវ​តបស្នង​ដល់​អង្គរ​វិញ​។ ខ្ញុំ​គាំទ្រ​អាជ្ញាធរ​ជាតិ​អប្សរា​ចំពោះ​ការរៀបចំ​ទីតាំង​ថ្មី​សម្រាប់​លក់ដូរ ហើយ​កែប្រែ​ទីនេះ​ឱ្យមាន​សោភ័ណភាព​ស្អាត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​។ លោក សុភាព ក៏​សង្ឃឹមថា ការ​ទៅ​លក់​នៅ​ទីតាំង​ថ្មី​នឹង​ទទួលបាន​អតិថិជន​ច្រើនៗ ព្រោះ​ទីនោះ​ស្អាត មាន​អនាម័យ មានទឹក​ភ្លើង ងាយស្រួល​ជាង​កន្លែងចាស់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close