ពុលត្រីកំពតស្លាប់មនុស្សម្នាក់ និង២នាក់សង្គ្រោះបន្ទាន់នៅខេត្តក្រចេះ
ពលរដ្ឋមួយគ្រួសាររស់នៅតំបន់ដាច់ស្រយាល ស្ថិកក្នុងភូមិប្រម៉ា ឃុំកំពងដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានពុលត្រីកំពត កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបណ្តាលឲ្យស្លាប់បុរសជាប្តី រីឯប្រពន្ធ និងកូនត្រូវបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក។
លោក ហេង សុថា អភិបាលស្រុកឆ្លូង បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ខាត់ ខាន់ ភេទប្រុស អាយុ ៥៧ឆ្នាំបានស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ ហេីយប្រពន្ធឈ្មោះ ហម ប៉ក់ ភេទស្រី អាយុ ៥៣ឆ្នាំ និងកូនស្រីឈ្មោះ ខាន់ រ៉ាទី អាយុ១៨ឆ្នាំ អ្នកទាំងពីរ រងគ្រោះធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។
លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ក្រោយពីពួកគេបានហូបត្រីកំពតរួច មានអាការៈក្អូតចង្អោរ ចុកពោះ ហេីយត្រូវសាច់ញ្ញាតិយកទៅមន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិតបុរសរូបនោះមិនទាន់ ដោយសារតែអាការៈបុរសខាងលើមានសភាពធ្ងន់ធ្ងរ ចំណែកប្រពន្ធ និងកូន ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។
លោកអធិការបន្តទៀតថា មូលហេតុដែលពួកគាត់ពុលត្រីកំពត គឺដោយសារពួកគាត់ទៅនេសាទត្រីនៅបឹងត្រពាំងរ៉ុន ពេលបានត្រីកំពត ក៏យកមកចំអិនធ្វើជាអាហារ ក្រោយពេលហូបរួច ស្រាប់តែបណ្ដាលឲ្យពុលតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។