ប្រាសាទប្រែរូប នឹងបិទជាបណ្ដោះអាសន្ន សម្រាប់ការទស្សនាថ្ងៃលិច

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹង ស្ដីពីការបិទជាបណ្ដោះអាសន្ន សម្រាប់ការទស្សនាថ្ងៃលិច នៅប្រាសាទប្រែរូប ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ តទៅ។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដោយសារស្ថានហានិភ័យជាក់ស្តែងមួយចំនួននៃរចនាសម្ព័ន្ធប្រាសាទប្រែរូប នៅតាមបណ្តោយកម្រាលនៃខឿនលើបង្អស់ផ្នែកខាងលិច ដែលជាទីតាំងបណ្តុំភ្ញៀវទេសចរទៅទស្សនាថ្ងៃលិច មានកម្រាលថ្មបានរំកិលចេញពីទីតាំងដើម ដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរជាយថាហេតុ។
ក្នុងន័យនេះ ដើម្បីថែរក្សាសុវត្តិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អាជ្ញាធរជាតិអប្សរា នឹងបិទការទស្សនាថ្ងៃលិច នៅប្រាសាទប្រែរូបជាបណ្តោះអាសន្ន គិតចាប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០តទៅ រហូតដល់ចំណុចគ្រោះថ្នាក់នៃប្រាសាទតត្រូវបានជួសជុលរួចរាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។