បាតុភូត La Nina និង​Enso នឹងធ្វើ​ឲ្យ​កម្ពុជា រង​នូវ​ជំនន់​ទឹកភ្លៀង​

ភ្នំពេញ​៖ កម្ពុជា នឹង​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​ញឹកញាប់ ចាប់ពី​ខែក្រោយ រហូតដល់​ចុងខែ​តុលា ឆ្នាំ​២០២០ ដែល​សភាពការណ៍​នេះ​ប្រហាក់ប្រហែល​នឹង​ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ ១៩៨១ និង​ឆ្នាំ ២០១០​។ នេះ​បើតាម​ការឱ្យ​ដឹង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ឯកឧត្តម ចាន់ យុ​ត្ថា អ្នកនាំពាក្យ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​លើកឡើងថា តាម​ការសង្កេត​របស់​ស្ថានីយឧតុនិយម​ធំៗ​នៅ​អាស៊ី អឺរ៉ុប អាមេរិក​បានបង្ហាញ​ថា ចាប់ពី​ខែកញ្ញា ឆ្នាំ ២០២០ នេះ​តទៅ ប្រទេស​កម្ពុជា​ក៏ដូចជា​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយចំនួន​នឹង​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត La Nina ៦០ ភាគរយ និង ៤០ ភាគរយ​ទៀត​ជា​បាតុភូត Enso​។​

​ឯកឧត្តម ចាន់ យុ​ត្ថា បាន​មានប្រសាសន៍ថា​៖ «​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​ទៅ ពេលដែល​បាតុភូត La Nina គ្របដណ្តប់ ៦០ ភាគរយ មកលើ​ប្រទេស​កម្ពុជា យើង​នឹង​ទទួល​ល្បាយ​ទឹកភ្លៀង​ច្រើន​ដែល​អាច​បណ្តាលឱ្យមាន​ជំនន់​ទឹកភ្លៀង ហើយ​ឥទ្ធិពល ៦០ ភាគរយ មិនមែន​ធ្លាក់​មកលើ​ប្រទេស​យើង​តែ ១ ទេ គឺ​ទៅលើ​ប្រទេស​ក្នុង​តំបន់​របស់​យើង​ក៏​ទទួលរង​ឥទ្ធិពល​នេះដែរ​»​។​

​ឯកឧត្តម ចាន់ យុ​ត្ថា បាន​លើកឡើងថា ក្រសួង​តែងតែ​រៀបចំ​ក្រុមការងារ​តាមដាន​ស្ថានភាព​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​-​ក្រុង​ទូទាំងប្រទេស​កម្ពុជា និង​ការត្រៀម​អន្តរាគមន៍​នូវ​គ្រឿងចក្រ​ក្នុងករណី​ដែល​ទឹកជំនន់​មានការ​ប៉ះពាល់​ទីប្រជុំជន ឬ​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​គឺ​ក្រសួង​មាន​វិធាន​ការកាយ​បង្វែរ​ទឹក​ចេញ​ដើម្បី​បញ្ចៀស​ការប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ ឯកឧត្តម​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ដែលមាន​ទីលំនៅ ឬ​ធ្វើ​របរ​កសិកម្ម​នៅតាម​ទំនាប​អម​សងខាង​ផ្លូវទឹក​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចាប់ពី​ពាក់កណ្តាល​ខែកញ្ញា​រហូត​ដល់​ចុងខែ​តុលា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close