សម្ដេច​តេ​ជោ ហ៊ុន សែន ថ្លែងថា​នៅ​ថ្ងៃទី​២៩ ខែធ្នូ ២០១៨​ខាងមុខ​នឹងត្រូវ​រៀបចំ​ពិធី​ខួប​២០​ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ នឹងមាន​រៀបចំ​ធ្វើ​ពិធី​ខួប​រំលឹក​លើក​ទី​២០ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ តាមរយៈ​ការសាងសង់​នូវ​វិមាន​ឈ្នះ​-​ឈ្នះ ដ៏​ធំ​មួយ​ដើម្បី​រំលឹក​អំពី​ការបញ្ចប់​សង្គ្រាម​តាមរយៈ​នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​។​សម្ដេច​តេ​ជោ ហ៊ុន សែន​ដូចនេះ នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​ចំនួន​ជិត​២​ម៉ឺន​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​៨ នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ប្រសិនបើ​កាលពី​ពេលនោះ​ពុំមាន​ការអនុវត្តន៍​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​នោះទេ​ដែល​អាច​បញ្ចប់​បាន​នូវ​សង្គ្រាម កុំថាឡើយ​ឱកាស​ដែល​យើង​មានការ​ងារ​ធ្វើ គឺ​មានតែ​ឱកាស​រត់លូន​ក្រាប​ច្រើនជាង​ឱកាស​រស់នៅ​បាន​សុខ​ស្រួល​ប្រកបដោយ​សុភមង្គល​ដូច​សព្វថ្ងៃនេះ​។​
​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា នៅពេលដែល​ប្រទេសជាតិ​មួយ​មាន​សង្គ្រាម​ហើយ មិន​ត្រឹមតែ​លំបាក​តែ​អ្នក​ដែល​ប្រឈមមុខ​ដាក់គ្នា​នោះទេ អ្នក​ដែល​នៅ​ផ្នែក​ខាងក្រោយ​ក៏​លំបាក​ដែរ​។ សូម្បីតែ​ពលរដ្ឋ​ស៊ីវិល​ក៏ត្រូវ​បាន​ប្រមូល​ដើម្បី​ឱ្យជួយ​ដឹក​ស្បៀង​ទៅកាន់​សមរភូមិ​ដែរ មានពេលខ្លះ​វាយ​ទៅ​វា​យមក​រាប់ទាំង​ការបោកគ្រាប់បែក​គ្រប់កន្លែង វាយ​ផ្តាច់​ផ្លូវ វាយ​ផ្តាច់​ស្ពាន និង​វាយ​រំខាន​ដើម្បី​កុំឱ្យ​កងទ័ព​រដ្ឋាភិបាល​មានលទ្ធភាព​ទៅ​វាយ​នៅ​កន្លែង​ដទៃ​បាន​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សង្កត់ធ្ងន់ថា ប្រទេស​កម្ពុជា​យើង​ឆ្លងកាត់​ការលំបាក​គ្រប់បែបយ៉ាង​ច្រើនពេក​ហើយ ដោយសារ​នយោបាយ​ឈ្នះ​-​ឈ្នះ​ដែលមាន​ឪពុកម្តាយ​ជីដូន​ជីតា​របស់​កម្មក​រកម្ម​ការិនី​ដែល​បាន​ចូលរួមចំណែក​គាំទ្រ​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់លោក ទើប​ធានាបាន​នូវ​ការបញ្ចប់​ទាំងស្រុង​នៃ​សង្គ្រាម រក្សាបាន​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ដែល​អាច​លើកកម្ពស់​បាន​នូវ​ជីវភាព​រស់នៅ​រប​ស់កម្មករ​កម្មការិនី​នៅពេលនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close