រដ្ឋបាលខេត្តសៀមរាប ចាប់ផ្ដើមអភិវឌ្ឍផ្លូវពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ដល់ចំណុចភ្លើងស្តុបសុខាអង្គរហើយ

ខេត្តសៀមរាប៖ យោងតាម Facebook Page ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានបង្ហាញថា ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានរុះរើការ៉ូឡាតាមចិញ្ចើមផ្លូវ ដកបង្គោលបំភ្លឺ គាស់ដើមឈើលម្អតាមដងផ្លូវ ដើម្បីយកទៅរក្សាទុក និងសម្រាប់ធ្វើការដាំឡើងវិញ។

ការរៀបចំសាងសង់ផ្លូវនេះដែរ ក្នុងគោលបំណងដើម្បីដើម្បីធ្វើការបើកពង្រីក និងសម្រួលដល់ការធ្វើចរាចរណ៍ ឲ្យមានសណ្តាប់ធ្នាប់ល្អ ធានាសុវត្ថិភាពចរាចរណ៍ និងសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជារៀបចំសោភ័ណ្ឌភាពក្នុងក្រុងសៀមរាបអោយបានស្អាតជាងមុន។
សូមបញ្ជាក់ថា ផ្លូវនេះនឹងចាប់ផ្តើមអនុវត្តសាងសង់ចាប់ពីខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដោយមានប្រវែងបណ្តោយសរុបជិត៦គីឡូម៉ែត្រ (៥៨០០) និងមានទទឹង ២៩ម៉ែត្រ ដោយបែងចែកគន្លងផ្លូវទៅមក ៦គន្លង ផ្លូវទៅមកសម្រាប់រថយន្ត និងផ្លូវទៅមកសម្រាប់ម៉ូតូ កង់ រីឯផ្លូវថ្មើរជើង មានទទឹង ៣ម៉ែត្រ ព្រមទាំងរៀបចំសួនច្បារពុះចែកទ្រូងផ្លូវ មានទទឹង ២ម៉ែត្រ ដែលគម្រោងនេះជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB ) ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។