បារាំង នឹងដាក់​កំហិត​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស នៅ​ទីក្រុង​ប៉ារីស ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩

​បារាំង​៖ នាយករដ្ឋមន្ត្រី​បារាំង​លោក Jean Castex បាន​អះអាងថា បារាំង​នឹង​តម្រូវ​ឲ្យ​ប្រជាជន​ខ្លួន​នៅ​ទូទាំង​ទីក្រុង​ប៉ារីស ពាក់​ម៉ាស​ជា​កំហិត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩ និង​ព្រមាន​ថា ករណី​ឆ្លង​អាច​នឹង​គ្រប់គ្រង​លែង​បាន ខណៈ​ណា​សកម្ម​ភាពមិន​ត្រូវបាន​អនុវត្ត​ភ្លាមៗ​ទេនោះ នេះ​បើតាម​សារព័ត៌ មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០​។​

​ការដាក់កំហិត​ពាក់​ម៉ាស ជា​កាតព្វកិច្ច​នៅ​ទូទាំង​ទីក្រុង​ប៉ារីស​ខាងលើនេះ ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​ករណី​ឆ្លង​កូ​វីដ​១៩ ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នា​រយៈពេល​ចុងក្រោយ​នេះ ស្រប​ពេលដែល​សាធារណៈជន​ទូទៅ​ហាក់ បាន​ព្រងើយកន្តើយ​មិន​អនុវត្ត​វិធានការ​បង្ការ ។​

​សូម​រំលឹក​ផងដែរ​ថា អាជ្ញាធរ​បារាំង កាលពី​ថ្ងៃទី​២១ ខែកក្កដា​កន្លងទៅ ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា​មួយ ដែល​តម្រូវ​ឲ្យ​ប្រជាជន​បារាំង​ទាំងអស់​ពាក់​ម៉ាស នៅតាម​ទីសាធារណៈ​ដែល​បិទ​ជិត​ផងដែរ​។ ប៉ុន្តែ​នៅ​ដើមខែ​សីហា​នេះ វា​បាន​ក្លាយជា​បទបញ្ជា​ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស​នៅតាម​ទីធ្លា​សាធារណៈ​មួយចំនួន ក្នុង​ទីក្រុង​ប៉ារីស ដែលមាន​មនុស្សម្នា​កកកុញ​ច្រើន ឬ​ជា​តំបន់​ទេសចរណ៍​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close