ស្នងការរងទទួលបន្ទុកព្រំដែនខេត្តតាកែវ រងការចោទប្រកាន់ថាបង្កើតកាស៊ីណូ និងល្បែងស៊ីសងនៅច្រករបៀង
ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ត្រី វង្ស ណាវុធ ដែរស្នងការរងនគបាលខេត្តតាកែវទទួលបន្ទុកព្រំដែន ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីនគបាលមួយចំនួនរិះគន់ថា បានយកតួនាទីជាស្នងការរងទៅបើកល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែងនៅតាមបណ្ដោយព្រំដែនរវាងខេត្តតាកែវ និងខេត្តអានយ៉ាងប្រទេសវៀតណាម ។
បេីតាមប្រព័ត៌មានពីប្រជាពលរដ្ឋ និងមន្ត្រីដដែលបានឲ្យដឹងថា លោក វង្ស ណាវុធ មានកាស៊ីណូចំនួន ០៣ កន្លែង ស្ថិតនៅស្រុកចំនួន ០២ គឺស្រុកបូរីជលសារ និង ស្រុកគីរីវង់ ហើយប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះភាពអសន្តិសុខ ដែលអាចកើតមានឡើងដោយសារល្បែងស៊ីសង ព្រោះបើមើលតាមកាស៊ីណូ គឺមានការភ្នាល់លក្ខណៈទ្រង់ទ្រាយធំ ចំណែកតាមស្រុកភូមិវិញ ក៏មានល្បែងជាច្រើន ដូចជាកន្ទុយលេខ ឬឆ្នោតវៀតណាម ដែលដើរលក់ស្ទើរគ្រប់កន្លែង។
មន្ត្រីនគបាលនៅច្រកទ្វាកំពង់ក្រសាំង ក្នុងស្រុកបូរីជលសារម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា នៅក្នុងឃុំកំពង់ក្រសាំង ជិតប្រឡាយលោក ប៉ុល សារឿន មានការស៊ីណូអត់ច្បាប់២កន្លែង ដែលជារបស់លោកស្នងការរងខេត្តម្នាក់ ក្នុងនោះមានល្បែងជល់មាន់យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ហើយអ្នកចូលមកលេងជល់មាន់មានទាំងជនជាតិខ្មែរ និងជនជាតិវៀតណាម ។ បើទោះបីជាកាស៊ីណូនេះគ្មានច្បាប់ក៏ដោយក៏អាជ្ញាធរស្រុកបូរីជលសារ ឬសមត្ថកិច្ចមិនហ៊ានទៅហាមឃាត់ដែរ ព្រោះជារបស់លោកស្នងការរងខេត្តដ៏មានឥទ្ធិពល ។
មន្ត្រីនគបាលខាងលើបានបន្តថា កាស៊ីណូនៅស្រុកបូរីជលសានេះបានបើកលេងយូរណាស់មកហើយ ហើយនៅពេលថ្មីនេះលោកស្នងការរងម្នាក់បានទៅបើកកាស៊ីណូមួយកន្លែងទៀតនៅព្រំដែនកំណប់កែវ ដែលជាច្រករបៀងមួយ តែបើតាមច្បាប់ការបើកល្បែងស៊ីសងដោយជ្រកក្រោមស្លាកកាស៊ីណូ មិនបានឱ្យបើកនៅតាមច្រករបៀងឡើយគឺឱ្យបើកនៅតាមច្រកទ្វាអន្តរជាតិ។ តែនេះគ្រាន់ច្រករបៀងកំណប់កែវ១មានការបើកល្បែងស៊ីសងដោយជ្រកក្រោមស្លាកកាស៊ីណូចំនួន២កន្លែង ស្ថិតនៅក្នុងឃុំតាអូ ស្រុកគីរីវង់។ កាស៊ីណូនេះឮថាមានការត់ការសុំច្បាប់អនុញ្ញាតិ ក៏ប៉ុន្តែបើយោងតាមច្បាប់កាស៊ីណូគឺមិនអនុញ្ញាតិឱ្យមានល្បែងជល់មាន់ និងមិនអនុញ្ញាតិឱ្យជនជាតិខ្មែរចូលលេងនោះទេ តែកាស៊ីណូលោកស្នងការរងគេឃើញមានជនជាតិវៀតណាម និងខ្មែរចូលលេងពេញៗមិនខ្លាចរអានឹងច្បាប់នោះទេ ។
ទាន់ទិននឹងការចោទប្រកាន់នេះ លោកស្នងការរង វង្ស ណាវុធ បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែកុម្ភៈថា ការចោទប្រកាន់នេះគឺមិនពិតទេ ហើយកាស៊ីណូទាំង៣កន្លែងនេះ មិនមែនជារបស់លោក ឬមានការពាក់ព័ន្ធនឹងលោកនោះទេ។ លោកបញ្ជាក់បន្ថែមថា កាស៊ីណូទាំងអស់នៅខេត្តតាកែវសុទ្ធតែមានច្បាប់ត្រឹមត្រូវ មានការតម្កល់ឯកសារជូនស្នងការដ្ឋាន និងសាលាខេត្ត ហើយលោកជាមន្ត្រីក៏មិនមានឈ្មោះទៅបើកកាស៊ីណូនោះដែរ។ ករណីនេះមិនអាចសុំការបំភ្លឺពីឯកឧត្តម អភិបាលខេត្តតាកែវបាននៅឡើយទេ នៅព្រឹកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។