ចាប់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ករណី​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ នៅ​ចំណុច​អូរ​ឡា​ប៉ង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ

​ខេត្តរតនគិរី​៖ កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទីស្នាក់ការ​ភូមិ​ចង បាន​ចុះ​ល្បាត​នៅ​ចំណុច​អូរ​ឡា​ប៉ង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ប្រទះឃើញ​ជនជាតិ​វៀតណាម​ម្នាក់ បោះជំរុំ​ដើម្បី​ធ្វើ​សកម្មភាព​ប្រមាញ់ និង​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​គ្រប់​ប្រភេទ​។

​ក្នុង​ប្រតិបត្តិការ​នោះ ក្រុមការងារ បាន​រកឃើញ​មាន​អន្ទាក់​ប្រភេទ​ខ្សែកាប​ចំនួន​៩ និង​អង្គប់​ដែក អូ​តូ​ម៉ា​ទិច (​អន្ទាក់ខ្លា​) ចំនួន​៣ សាច់សត្វ​ប្រើស​២​ដុំ សាច់​ស្វា​មួយ​ដុំ (​ឆ្អើ ) ញញួរ​១ ទូរស័ព្ទដៃ​១​គ្រឿង និង​ខ្សែ​អន្ទាក់​ចំនួន ២០​ទៀត កំពុង​បានដាក់​ក្នុងព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។

​ជន​ដែល​ឃាត់ខ្លួន​នោះ ឈ្មោះ ហួង វ៉ាន​កុង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​វៀតណាម​។ បច្ចុប្បន្ន​ជននេះ កំពុង​ឃាត់ខ្លួន​នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close